ខេត្តកំពត ៖ រឿងរ៉ាវមួយដែលអាចចាត់ទុកថា កម្រនឹងកើតមាន គឺរឿងក្តីរវាងឪពុកនិងកូនស្រីបង្កើតបានក្លាយទៅជាគូជម្លោះប្តឹងប្តល់គ្នាដណ្តើមយកផ្ទះមួយកន្លែងនៅភូមិ១ឧសភា សង្កាត់កំពង់ កណ្តាល ក្រុងកំពត ។ បើតាមសំដីអ្នកស្រីសាន់រីណា អាយុ៣៨ឆ្នាំ ជាកូនស្រីរបស់លោកសាន់ ផុន បាននិយាយរៀបរាប់ថា រូបគាត់ជាកូនស្រី រស់នៅជាមួយឪពុកយូរឆ្នាំហើយ ។ បន្ទាប់ពីម្តាយស្លាប់ចោលទៅ ឪពុកអ្នកស្រីឈ្មោះសាន់ផុន ក៏បានយកប្រពន្ធក្រោយទៀត ហើយរស់នៅជាមួយឪពុកក្រោមដំបូលផ្ទះ តែមួយជាផ្ទះជាន់លើ នៅភូមិ១ឧសភានេះ ។ ក្រៅពីនេះឪពុកនាងមានចំការមួយកន្លែងទៀតនៅឃុំបឹងទូក ហើយការថែទាំដំណាំផ្សេងៗ គឺធ្វើរួមគ្នា ប៉ុន្តែនៅឆ្នាំ២០០៧ ឪពុករបស់អ្នកស្រីបានលក់ចំការនោះបានប្រាក់ចំនួន១២ម៉ឺនដុល្លារ ក៏យកលុយនោះទៅរស់នៅភ្នំពេញជាមួយប្រពន្ធ ក្រោយបាត់ ។
អ្នកស្រីសាន់ រីណា បាននិយាយទាំងទ្រហ៊ោយំថា ឪពុកអ្នកស្រីពិតជាចិត្តអាក្រក់ណាស់ ដោយជឿតាមសំដីប្រពន្ធក្រោយបំភ្លេចចៅៗមិនឱ្យលុយដល់រូបគាត់ជាកូនស្រីទេ បែរទៅសំងំសុខជាមួយប្រពន្ធក្រោយទៅវិញ មិនតែប៉ុណ្ណោះ ឪពុកបានដាក់ពាក្យបណ្តឹងទៅសាលាដំបូង ខេត្តឱ្យរូបគាត់ជាកូននិងប្តីចាកចេញទៀត ។ ដោយសារតែមានការប្តឹងគ្នាយ៉ាងចំរូងចំរាសរូបគាត់ដែលជាចុងចោទត្រូវសាលាដំបូងកាត់ឱ្យចាញ់ក្តីឪពុក ។
អ្នកស្រីសាន់ រីណា បានបន្តថា លោកអីុវ ត្រាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតពិតជាដោះស្រាយមានភាពអយុតិ្តធម៌ណាស់ ព្រោះលោកមេភូមិ១ឧសភា និងលោកសង្កាត់កំពង់កណ្តាល ក៏បានអះអាងថា ផ្ទះនេះជាផ្ទះរបស់អ្នកស្រីដែរ ។ គាត់បានបញ្ជាក់ថា លោកព្រះរាជអាជ្ញារងខេត្តបានជូនដំណឹងឱ្យរូបគាត់ជាកូន និងប្តីចុះចេញពីផ្ទះនៅថ្ងៃទី៥ ឧសភា ខាងមុខជាកំណត់ដែលក្នុងលិខិតជូនដំណឹងនោះបានព្រមានថា បើមានការរឹងរូសមិនព្រមអនុវត្ត ក្នុងការចុះចេញដោយស្ម័គ្រចិត្តទេ នឹងមានការចាត់វិធានការទៅតាមផ្លូវច្បាប់ ។
លោកទី វុទ្ធី ចៅសង្កាត់កំពង់កណ្តាលបានប្រាប់កោះសន្តិភាពថា ផ្ទះដែលមានទំនាស់ប្តឹងគ្នារវាងឪពុក និងកូនស្រីនៅភូមិ១ឧសភាគឺជាផ្ទះអ្នកស្រីសាន់ រីណា ។ លោកចៅសង្កាត់បញ្ជាក់ថា ការផ្ទុះចេញនូវការប្តឹងប្តល់គ្នានេះគឺបន្ទាប់ពីកូនស្រី (សាន់ រីណា) បានរៀបគម្រោងលក់ផ្ទះនេះក្នុងតម្លៃ២ម៉ឺនដុល្លារ ប៉ុន្តែនាងសាន រីណា និយាយថា មិនចង់ឱ្យវែងឆ្ងាយ បើលក់ដាច់២ម៉ឺន គឺគាត់ឱ្យឪពុក១ម៉ឺន តែឪពុកមិនព្រមទេ ។ អ្នកស្រីជាកូនបញ្ជាក់ថា ទោះបីជាដល់ថ្ងៃកំណត់របស់សាលាដំបូងឱ្យគាត់ចុះចេញក៏ដោយ ក៏គាត់សុខចិត្តស្លាប់រស់ជាមួយកូនប្រុសស្រីទាំង៣នាក់នៅក្នុងផ្ទះនេះ គឺមិនព្រមចេញជាដាច់ខាត ។ ប្រជាពលរដ្ឋនៅភូមិ១ឧសភា ក៏មានអ្នកចាំជួយអន្តរាគមន៍ផងដែរ ក្រែងមានវិធានការអ្វីមិនប្រក្រតីមកលើគ្រួសារអ្នកស្រី ។ ចំណែកលោកសាន់ ផុន ដែលជាឪពុក និងជាដើមបណ្តឹងមិនអាចទាក់ទងសុំការបំភ្លឺណាមួយបានទេ ៕
ចែករំលែកព័តមាននេះ