ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រាប់​អ្នក​ការ​ទូត​ថ្មីរបស់​​ភូមា​ថា «ពួកថៃឈ្លាន​ពាន​កម្ពុជា​តែ​បំភាន់​អន្តរជាតិ​​ថា កម្ពុជា​ឈ្លាន​ពាន​ថៃ​​ទៅវិញ»

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ មេសា ឆ្នាំ២០១១ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បានអនុ​ញ្ញាត​ឲ្យលោកអ៊ូ ចូលទុនអូន ឯកអគ្គរដ្ឋទូតនៃ​សហភាព​មីយ៉ាន់​ម៉ា ចូល​ជួប​សម្ដែង​ការគួរសម និង​ធ្វើសវនាការនៅវិមានរដ្ឋសភា បន្ទាប់​ពី​លោក​ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ មេសា ឆ្នាំ២០១១ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បានអនុ​ញ្ញាត​ឲ្យលោកអ៊ូ ចូលទុនអូន ឯកអគ្គរដ្ឋទូតនៃ​សហភាព​មីយ៉ាន់​ម៉ា ចូល​ជួប​សម្ដែង​ការគួរសម និង​ធ្វើសវនាការនៅវិមានរដ្ឋសភា បន្ទាប់​ពី​លោក​ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញ​សមត្ថភាពនៃសហភាព​មីយ៉ាន់​ម៉ាប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី​២២ មីនា ឆ្នាំ២០១១ កន្លងមក។

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន បានមាន​ប្រសាសន៍​ថា ក្នុងនាមរដ្ឋសភានៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សូម​​សម្ដែង​នូវការស្វាគមន៍​យ៉ាងកក់ក្តៅ​បំផុត​ចំពោះ​​លោក​ឯកអគ្គរដ្ឋទូតនៃសហភាពមីយ៉ាន់​ម៉ា​ដែលត្រូវ​បានតែងតាំងជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញសមត្ថភាពនៃសហភាព​មីយ៉ាន់​ម៉ាប្រចាំព្រះ​រាជាណាចក្រ​កម្ពុជា ដែលបានឆ្លៀត​ឱកាស​ដ៏​មមា​ញឹកចូលជួបសម្ដែងការគួរសម​ចំពោះ​​សម្តេច​ផ្ទាល់នាពេលនេះ បន្ទាប់​ពីលោក​បាន​​ថ្វាយ​សារតាំងចំពោះព្រះមហាក្សត្រនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា កាលពីថ្ងៃទី២២ មីនា ឆ្នាំ​២០១១ កន្លងមក។ សម្តេច​​ពញា​ចក្រី​​មាន​ប្រសាសន៍​បន្តទៀតថា «ខ្ញុំមាន​ជំនឿយ៉ាងមុត​មាំ​ថា តាមរយៈសកម្មភាពការទូត​ដ៏​ឧត្តុង្គឧត្តម្ភ​របស់លោកនៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ទំនាក់​ទំនង​ការទូតក៏ដូចជាកិច្ចសហប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រវាងប្រទេសទាំងពីរ នឹង​ត្រូវ​បាន​ពង្រឹង​ពង្រីក​ឲ្យកាន់តែ​ប្រសើរឡើងថែម​ទៀត»។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន មាន​ប្រសាសន៍ជម្រាបភ្ញៀវទៀតថា ជារួម​ក្រោយ​ពេល​ដែលប្រទេសកម្ពុជា មានសន្តិសុខ​ពេញ​លេញ​ក៏​មានឱកាស​អភិ​ឌ្ឍន៍ប្រទេសលើគ្រប់​វិស័យ​​ដែល​ប្រការនេះបានញ៉ាំង​ឲ្យកិត្យានុ​ភាព​របស់​​កម្ពុជា​ល្បីរន្ទឺលើឆាកអន្តរជាតិ។ សម្តេច​ប្រធាន​រដ្ឋសភាមានប្រសាសន៍​បន្តថា «តែ​កម្ពុជា​ត្រូវរងគ្រោះដោយការឈ្លានពាន​ទាំង​កំរោល​ពីសំណាក់ពួកសៀមនៅតំបន់​ប្រាសាទ​ព្រះ​វិហារជាច្រើនលើក​ និង​ថ្មីៗ​នេះ​គឺ​នៅតំបន់​ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ ពួកគេ​បាន​គូសផែនទី​ជា​ឯកតោភាគី ហើយទន្ទ្រាន​កាន់​កាប់»។ ជំហរកម្ពុជាអត់ធ្មត់ណាស់ តែប្តេជ្ញាការ​ពារ​អធិបតេយ្យភាពបូរណភាពទឹកដីមិនឲ្យ​បាត់​បង់មួយចំអាម​ឡើយ។កម្ពុជាគោរពធម្មនុញ្ញអង្គ​ការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់​អន្តរ​ជាតិនានា។ ពួកគេខំគេចវេះពីការចរចា​ទាំង​ឡាយណា ដែលមានភាគីទី៣​ដឹងឮតាមរបៀប​បិទ​ទ្វារវាយ​ខ្មែរមិនឲ្យអន្តរជាតិដឹង។ «ពួកថៃ​ឈ្លាន​ពានកម្ពុជា តែ​ខំបំភាន់អន្តរជាតិថា កម្ពុជា​ឈ្លានពានថៃទៅវិញ»។

លោកអ៊ូ ចូលទុនអូន ឯកអគ្គរដ្ឋទូតនៃ​សហ​ភាពមីយ៉ាន់ម៉ា បានមានប្រសាសន៍​ជម្រាប​សម្តេច​​ប្រធានរដ្ឋសភាថា ភូមាក៏មានបញ្ហាព្រំ​ដែន​ជា​មួយ​ប្រទេសថៃដែរ តែដោយការ​ខិត​ខំ​ប្រឹង​ប្រែង​ដោះស្រាយដោយសន្តិវិធីក៏មាន​ការ​ដោះ​​ស្រាយ​រួច។ លោកបានបន្តថា ភូមាទើបតែ​មាន​រដ្ឋា​ភិបាលថ្មី បន្ទាប់​ពី​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ២០១០ កន្លងទៅ។ ប្រទេសភូមា​បាន​ធ្វើការកែទម្រង់ទៅរកសភាពប្រជាធិតេយ្យ​ដោយមានការកែទម្រង់រដ្ឋាភិបាល និងប្រព័ន្ធ​តុលា​ការ។ ភូមា និងកម្ពុជាមានទំនាក់ទំនង​ការ​ទូត​តាំងពីឆ្នាំ១៩៥៥ តែ​ត្រូវ​បាន​កាត់ផ្តាច់នៅ​ឆ្នាំ​១៩៧៥ ហើយទំនាក់ទំនង​នេះ បានភ្ជាប់ឡើង​វិញ នៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ​១៩៩៤៕