រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍យោធារវាងកម្ពុជា-ថៃនៅតាមព្រំដែន ជូនអនុព័ន្ធយោធានៃស្ថានទូតទាំងអស់ប្រចាំកម្ពុជាកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ មេសា ២០១១ នេះ ក្នុងនោះក៏មានការចូលរួមពីអនុព័ន្ធយោធាថៃផងដែរ ។
ដោយឡែកតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា ការចរចារវាងមេទ័ពកម្ពុជា និងមេទ័ពថៃកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៨ មេសា នេះ ដែលខាងកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ជា ម៉ន មេបញ្ជាការភូមិភាគ៤ និងខាងថៃដឹកនាំដោយឧត្តមសេនីយ៍ថាវ៉ាត់ឆៃ មេបញ្ជាការភូមិភាគ២នោះ គឺភាគីទាំង២បានឯកភាពគ្នាឈប់បាញ់ហើយ។
ចំណែកឯស្នូរគ្រាប់កាំភ្លើងនៅតំបន់ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ស្ថិតក្នុងស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ នៅពេលនេះមានភាពស្ងប់ស្ងាត់ហើយ ហើយភាពស្ងប់ស្ងាត់នេះបានកើតឡើងតាំងពីវេលាម៉ោង១១ថ្ងៃត្រង់ម៉្លេះ នៅក្រោយពេលមេទ័ពទាំង២បានជួបចរចាគ្នាសម្រួលស្ថានការណ៍យោធារួចរាល់ ៕
ចែករំលែកព័តមាននេះ