ខេត្តស្វាយរៀង ៖ ប្តីប្រពន្ធ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនភ្លាមៗមកសាកសួរបន្ទាប់ពីបានប្រើអំពើហិង្សាដោយយកទឹកអាស៊ីតចាក់លើគ្នាទៅវិញទៅមកដោយសារតែប្រច័ណ្ឌគ្នាជាមួយអ្នកភូមិផងរបងជាមួយ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី២ ធ្នូ ២០១៥ ស្ថិតនៅក្នុងភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ប៊ុន សំបូរ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ហែម សំអាន អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។
សមត្ថកិច្ចនគរបាលស្រុកបានបន្តឲ្យដឹងទៀតថា ក្រោយពីធ្វើការសាកសួរ ទាំង២នាក់ប្តីប្រពន្ធឆ្លើយយកឈ្នះរៀងៗខ្លួន ដោយប្តីប្រច័ណ្ឌថាប្រពន្ធមានសហាយស្មន់ជាមួយប្រុសផ្សេង ចំណែកប្រពន្ធថាមកពីប្តីមានស្រីថ្មី មិនដែលគិតគូរដល់រូបគាត់ឡើយ មិនតែប៉ុណ្ណោះព្រមទាំងចោទគ្នាទៅវិញទៅមកថាជាអ្នកចាក់ចាក់ទឹកអាស៊ីត ។
រហូតមកដល់ថ្ងៃទី៣ ធ្នូ ២០១៥នេះ សមត្ថកិច្ចនគរបាលស្រុកកំពង់ធ្វើការស៊ើបអង្កេតថានរណាជាអ្នកប្រើទឹកអាស៊ីតវាយប្រហារទៅលើគេពិតប្រាកដ ។ ចំណែកប្តីប្រពន្ធទាំង២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុករមាសហែកនៅឡើយ ៕
ចែករំលែកព័តមាននេះ