ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​បា.ញ់​គំរាម​ដល់​ផ្ទះ​អ្នកកាសែត​នៅ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អ្នក​យក​ព័ត៌មាន​កាសែត​«​ស្មារតី​៧​មក​រា​អមតៈ​»​ប្រចាំ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ម្នាក់​បាន​អះអាង​ថា ខ្លូ​ន​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​ទៅ​បា.ញ់​គំរាម​ដល់​ផ្ទះ បន្ទាប់​ពី​រូប​គាត់​បាន​ចុះ​ទៅ​ថត​យក​រូបភាព​អំពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់

ខេត្តសៀមរាប ៖ អ្នក​យក​ព័ត៌មាន​កាសែត​«​ស្មារតី​៧​មក​រា​អមតៈ​»​ប្រចាំ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ម្នាក់​បាន​អះអាង​ថា ខ្លូ​ន​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​ទៅ​បាញ់​គំរាម​ដល់​ផ្ទះ បន្ទាប់​ពី​រូប​គាត់​បាន​ចុះ​ទៅ​ថត​យក​រូបភាព​អំពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​របស់​យោធា​នៅ​តំបន់​នោះ ។

លោក ហង្ស ជ្រឹ​ម អ្នក​យក​ព័ត៌មាន​កាសែត​«​ស្មារតី​៧​មក​រា​អមតៈ​» និង​ប្រពន្ធ​ឈ្មោះ ស៊ុន ថា ​ដែល​មាន​ទីលំនៅ​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា រូប​លោក​រួម​ទាំង​ក្រុម​គ្រួសារ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​ទៅ​បាញ់​គំរាម​ដល់​ផ្ទះ​កាលពី​វេលា​ម៉ោង​១០ និង​០៤​នាទី​យប់ ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​កន្លង​ទៅ​នេះ ។ ការ​ដែល​មាន​ជន​មិន​ស្គាល់​មុខចូល​ទៅ​បាញ់​គំរាម​ដោយ​កាំភ្លើង​ធុន​AK​ចំនួន​១​គ្រាប់​ដល់​ក្នុងផ្ទះ​នោះ​ គឺ​បន្ទាប់​ពី​រូប​លោក​ចុះ​យក​ព័ត៌មាន និង​ថតរូប​ភាព អំពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​របស់​ក្រុម​យោធា​អង្គភាព​យោធា​ភូមិភាគ​ទី​៤​ ដែល​ប្រចាំការ​នៅ​បន្ទាយ​ក្បែរ​នោះ ។

លោក​បន្ត​ថា ក្នុង​ពេល​ជន​មិន​ស្គាល់​មុខ​ចូល​ទៅ​បាញ់​គំរាម​ដល់​ក្នុងផ្ទះ រូប​លោក​មិន​នៅផ្ទះ​ទេ​ តែ​ភរិយា​លោក​រួម​ទាំង​កូន​តូច​ៗ​មានការ​ភ័យ​ខ្លាច​រត់​ចេញ​ពីផ្ទះ និង​ស្រែក​ឱ្យ​គេ​ជួយ ខណៈ​ដែល​កូន​ៗ​កំពុង​លង់លក់​ក្នុង​ដំណេក ។ លោក ហង្ស ជ្រឹ​ម ឱ្យ​ដឹង​ទៀត​ថា គំនរ​ឈើ​ដែល​រូប​លោក​បាន​ថតរូប​ភាព​នោះ​​ជា​គំនរឈើ​របស់​យោធា​៤-៥​រូប​នៅ​ភូមិភាគ​ទី​៤ តែ​ចំពោះ​ការ​ចូល​ទៅ​បាញ់​គំរាម​នោះ​លោក​មិន​បានដឹង​ថា​ជន​នោះ​ជា​នរណា​នោះ​ទេ ។

ក្រោយ​កើតហេតុ លោក​បាន​ទូរ​សព្ទ័​ទៅ​មេ​ភូមិ​ដើម្បី​រាយការណ៍​បន្ត​ផង​ដែរ តែ​រហូត​មក​ទល់​ពេល​នេះ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​រូបណាម​ក​សួរនាំ ឬ​ធ្វើ​កំណត់ហេតុ​ឡើយ ។ ពេល​នេះ​ទាំង​រូប​លោក និង​ក្រុម​គ្រួសារ កំពុង​មានការ​ព្រួយ​បារ​ម្ម​ណ៍​អំពី​សុវត្ថិភាព​ក្នុង​ការ​រស់នៅ​យ៉ាង​ខ្លាំង ។

លោក​ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​វែកមុខ​ខ្មាន់កាំភ្លើង​នោះ ដើម្បី​ចាប់ខ្លួន​យក​ទៅ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផង ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ លោក ស៊ុន អេ​ង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៩​វិច្ឆិកា​នេះ​ថា ឆ្លងកាត់​តាម​ការ​ស្រាវជ្រាវ​យ៉ាង​ជាក់លាក់ គឺ​ពុំ​មានការ​ផ្ទុះអាវុធ​ក្នុងផ្ទះ​អ្នកកាសែត​ខាងលើ​នោះ​ទេ​នៅ​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ តែ​ពិតជា​មាន​ផ្ទុះ​នៅ​ខាងក្រោយ​ផ្ទះ​ឯណោះ ពុំ​មែន​ក្នុងផ្ទះ​ឡើយ ។ លោក​បន្ត​ថា ការ​ផ្ទុះអាវុធ​នោះ​ប្រហែលជា​ក្រុម​អ្នក​ឆ្លុះ​សត្វ​ក៏​អាច​ថាបាន​ដែរ ពីព្រោះ​ស្នូរ​កាំភ្លើង​នោះ​គឺ​នៅ​ឯ​វាលស្រែ​ខាងក្រោយ​ផ្ទះ​ឯណោះ ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា ទោះបីជា​មានការ​អះអាង​ពី​ម្ចាស់ផ្ទះ​ជាមួយ​អ្នកកាសែត​ថា មាន​គេ​ចូល​ទៅ​បាញ់​គំរាម​ដល់​ផ្ទះ​ តែ​ម្ចាស់ផ្ទះ​ខាងលើ​មិន​បាន​រាយការណ៍ ឬ​មក​ដាក់​ពាក្យបណ្តឹង​នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​នោះ​ទេ ។

ចំណែក​មេបញ្ជាការ​យោធា​ប្រចាំ​តំបន់​នោះ​គឺ លោក ទេព រួន មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៩​ខែវិច្ឆិកា​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​បាញ់​គំរាម​អ្នកកាសែត​ខាងលើ​នេះ​ត្រូវ​បាន​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ប្រចាំ​ខេត្តសៀមរាប ធ្វើការ​ថ្កោលទោស​ទៅ​លើ​ក្រុម​ខ្មាន់កាំភ្លើង​នេះ​ថា បាន​បិទ​​សិទ្ធិ​សេរីភាព​ក្នុង​ការ​​បញ្ចេញមតិ​របស់​អ្នកកាសែត ។ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ប្រចាំ​ខេត្តសៀមរាប បន្ត​ថា សូម​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ចាប់​ខ្មាន់កាំភ្លើង​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ឱ្យ​ខាង​តែ​បាន ៕