រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះបន្ទាន់បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសេ១២៥ និងរថយន្តហាយលែនឌឺរនៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩ និង៥៥នាទីយប់ ថ្ងៃទី២៣ តុលា ២០១៥ ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FF-6478 បើកយ៉ាងលឿនតាមបណ្តោយផ្លូវលេខ១៨២ ចំណែករថយន្តហាយលែនឌឺរ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2x-4558 ក៏បើកយ៉ាងលឿនតាមបណ្តោយផ្លូវលេខ២៥៣ ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនរវាងផ្លូវទាំង២ ម៉ូតូបម្រុងឆ្លងផ្លូវក៏ត្រូវរថយន្តហាយលែនឌឺរបុកយ៉ាងពេញទំហឹងអូសជាប់ម៉ូតូប្រហែលជាង១០ម៉ែត្រ បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងយកទាំងម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ