ខេត្តកំពង់ឆ្នាំង ៖ ចោរប្លន់ប្រដាប់អាវុធមានគ្នា៣នាក់ប្រដាប់ដោយកាំភ្លើងវែង-ខ្លី២ដើម បានសម្រុកចូលប្លន់ផ្ទះអាជីវករមួយកន្លែងប្លន់យកអស់លុយជាង៤លានរៀល និងប្លាទីនជាង៥តម្លឹង ព្រមទាំងទូរស័ព្ទដៃ៥គ្រឿង រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង៥០នាទីយប់ថ្ងៃទី១០ តុលា ២០១៥ នៅភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ តែទោះយ៉ាងណាក្រុមចោរពុំមានធ្វើឱ្យអ្នកណាម្នាក់រងរបួសឡើយ ។
នគរបាលស្រុករលាប្អៀរបានឱ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ នៅ ជួប អាយុ៣៥ឆ្នាំ និងប្រពន្ឋឈ្មោះ រឿង សុគា អាយុ៣២ឆ្នាំ ។ គ្រួសារនេះជាអាជីវករលក់ជី លក់ឥដ្ឋ ខ្សាច់ ទិញ-លក់ស្រូវ និងកិនស្រូវជាដើម ។
ស្ត្រីជាប្រពន្ឋបាននិយាយប្រាប់សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងតែនៅមើលទូរទស្សន៍លើផ្ទះ ចំណែកប្តីគាត់នៅដេកនៅក្នុងបន្ទប់ក្រោមផ្ទះ ពេលនោះស្រាប់តែមានជនពុំស្គាល់មុខ២នាក់ ម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើម និងម្នាក់ទៀតកាន់ដែកថ្នាំងអំពៅបានមកភ្ជង់គាត់ឱ្យដោះគ្រឿងអលង្ការ មានខ្យែក ខ្យែដៃ ខ្យែជើង ជាដើម ហើយពួកវាបានស្រវាយកកាបូបខ្មៅដែលនៅលើក្បាលគ្រែរបស់គាត់ទៀត បន្ទាប់ម្នាក់ក្នុងចំណោមបក្ខពួក២នាក់បានចុះទៅដី ចំណែកម្នាក់នៅយកកាំភ្លើងភ្ជង់គាត់រហូត ។ ពេលចុះដល់ដីគ្នាវាម្នាក់ទៀតដែលនៅក្រោមបានផ្ទុះអាវុធ១គ្រាប់ ពេលដែលប្តីគាត់បើកទ្វារចេញពីបន្ទប់ក្រោមផ្ទះ ហើយបានយកកាំភ្លើងភ្ជង់ដោះយកខ្យែករបស់ប្តីគាត់ រួចពួកវាបានគ្នាគេចខ្លួនបាត់អស់ ។
ស្ត្រីរងគ្រោះបានឱ្យសមត្ថកិច្ចដឹងទៀតថា ទ្រព្យសម្បត្តិដែលក្រុមចោរប្លន់ប្រដាប់អាវុធប្លន់យកទៅនោះមានខ្យែក ខ្យែដៃ កងដៃ ខ្យែជើងប្លាទីនសរុបទាំងអស់៥តម្លឹង៧ជី ប្រាក់ខ្មែរ៤លាន៤៣ម៉ឺនរៀល និងទូរស័ព្ទដៃ៥គ្រឿង ។
សមត្ថកិច្ចនគរបាលស្រុក និងខេត្ត បានពិនិត្យ និងធ្វើកោសល្យវិច្ច័យ ដោយបានរកឃើញសំបកគ្រាប់កាំភ្លើងអាកា១គ្រាប់នៅមុខបន្ទប់ម្ចាស់ផ្ទះជាប្តី ។
សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះខាងលើរាល់ដងមានកម្មករច្រើននាក់នៅជាមួយ តែបានសុំច្បាប់ទៅចូលរួមបុណ្យភ្ជុំបិណ្យនៅស្រុកកំណើតអស់ ។ ពេលនេះសមត្ថកចិ្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ