រាជធានីភ្នំពេញ ៖ យុវនិស្សិតពេទ្យម្នាក់ចេញពីយាមប្រញាប់ទៅដឹកប្អូនទៅប្រឡងបាក់ឌុប ត្រូវចោរឆក់កាបូបបណ្តាលឲ្យដួលម៉ូតូបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីភ្លឺថ្ងៃទី២៤ សីហា តាមផ្លូវលេខ២៧១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
នារីរងគ្រោះរហូតស្លាប់ឈ្មោះ ម៉ក់ ប៉ុនកន្និកា អាយុ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥ នៅសាលាថែទាំវិទ្យាសាស្ត្រសុខាភិបាល (សាលាពេទ្យមិត្តភាពខ្មែរ-សូវៀត) មានទីលំនៅភូមិក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1F-9283 បើកបរពីជើងទៅត្បូង មកដល់ចំណុចខាងលើ មានជន២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកទិសដៅស្របគ្នាមកអែបហើយធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ តែឆក់មិនបានសម្រេចបណ្តាលឲ្យដួលបោកក្បាលទាំងអត់ពាក់មួកការពារសុវត្ថិភាពស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយបានដោះមួកព្យួរនៅដៃចង្កូតម៉ូតូ ។ ចំណែកជនសង្ស័យជិះម៉ូតូរត់គេចបាត់ស្រមោល ។
ប្រភពព័ត៌មានពីសាច់ញាតិនាងរងគ្រោះ បានឲ្យដឹងថា ថ្ងៃកើតហេតុនាងបានចុះស្តារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយជាវេនប្រចាំការពេញមួយថ្ងៃមួយយប់ ព្រឹកឡើងនាងប្រញាប់ជូនប្អូនទៅប្រឡងបាក់ឌុប ក៏ជួបគ្រោះអកុសលបាត់បង់ជីវិតតែម្តង ។
សពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ចែករំលែកព័តមាននេះ