ខេត្តឧត្តរមានជ័យ ៖ រថយន្តម៉ាកហ៊ីយ៉ានដាយ មួយគ្រឿង ពណ៍លឿង ពាក់ស្លាក់លេខ៣C-៤៦-១៣ ដែលដឹកយាយជីតាជីបានគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៣ សីហា ២០១៥ កន្លងទៅនេះ បណ្តាលឲ្យមនុស្សស្លាប់១៧នាក់ និងរងរបួសធ្ងន់ស្រាល២២នាក់ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
បន្ទាប់ពីកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះមក សមត្ថកិច្ចប៉ូលិសផ្នែកចរាចរណ៍ស្រុក បានស្ទួចរថយន្តខាងលើមករក្សាទុក ស្រាប់តែកើតមានពាក្យចចាមអារ៉ាមនិយាយតៗគ្នាពាសពេញស្រុកអន្លង់វែងថា មានខ្មោចលងប៉ូលិសរកតែដេកពួនមិនបានក្នុងមួយយប់ៗ ទើបលោកវរសេនីយ៍ទោ ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង ចាត់កម្លាំងប៉ូលិសឲ្យអូសរថយន្តដែលគ្រោះចរាចរណ៍នេះដាក់នៅក្នុងវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែងវិញ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ សីហា ២០១៥ ។
ទាក់ទិនទៅនឹងហេតុការណ៍ថាមានខ្មោចលងប៉ូលិសក្នុងមួយយប់ៗរកតែដេកមិនបាន នារសៀលថ្ងៃទី២២ សីហា ២០១៥ កោះសន្តិភាពបានទូរស័ព្ទជួបលោកវរសេនីយ៍ទោស៊ីម វណ្ណៈ បានឲ្យដឹងថា រថយន្តដែលគ្រោះថ្នាក់ចរាចរណ៍នេះ លោកបានឲ្យកម្លាំងប៉ូលិសអូសយកទៅទុកនៅវត្តជ័យទឹកជុំប្រាកដមែន តែមិនមានខ្មោចលងនោះទេ ៕
ចែករំលែកព័តមាននេះ