រាជធានីភ្នំពេញ ៖ ខណៈពេលលោកសម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ហើយការផ្ទៀងផ្ទាត់ផែនទីបានបញ្ចប់ជាស្ថាពរដែរនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារ (SMS) ពិសេសមួយទៅកាន់លោក សម រង្ស៊ី ស្ដីពីលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទីថា ផែនទីរបស់រាជរដ្ឋាភិបាល និងផែនទីរបស់អង្គការសហប្រជាជាតិ (អ.ស.ប) មានលក្ខណៈដូចគ្នា ។
យោងតាមគេហទំព័រអនឡាញក្នុងស្រុក ចុះផ្សាយនៅថ្ងៃទី២១ សីហា បានឲ្យដឹងថា បន្ទាប់ពីផែនទីរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ អ.ស.ប ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២០ សីហា ថា ដូចគ្នាទាំងស្រុង នៅវិមានសន្តិភាព និងនៅចំពោះមន្ត្រីសំខាន់ៗពាក់ព័ន្ធជាច្រើននិងគ្រប់ភាគី ព្រមទាំងចំពោះមុខមន្ត្រី អ.ស.ប និងអ្នកសារព័ត៌មានផងនោះ ពាក់ព័ន្ធនឹងបញ្ហាដ៏ក្តៅគគុកអំពីផែនទី និងព្រំដែនកម្ពុជា-វៀតណាមនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសមួយតាមរយៈទូរស័ព្ទជូនទៅលោក សម រង្ស៊ី ដោយរៀបរាប់អំពីបញ្ហាដ៏សំខាន់នេះ ។
ខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក សម រង្ស៊ី គូសបញ្ជាក់ថា ៖ «ជូនឯកឧត្តម សម រង្ស៊ី ! សង្ឃឹមថា ឯកឧត្តមនឹងយល់ពីគោលបំណងដែលខ្ញុំផ្ញើជូនឯកឧត្តមនូវព្រះរាជសារព្រះមហាក្សត្រ និងច្បាប់ទាក់ទង ទៅនឹងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ។ ខ្ញុំបានផ្ដល់ឱកាសច្រើនណាស់ហើយសម្រាប់ការយល់របស់ឯកឧត្តម និងសហការីឯកឧត្តម តែដូចមិនយល់សោះ រហូតបន្តប្រើពាក្យផែនទីក្លែងក្លាយ ។ ម្សិលមិញ ក្រោយពេលផ្ទៀងផែនទីយកពីអង្គការសហប្រជាជាតិ តំណាងគណបក្សឯកឧត្តមបាននិយាយថា អ្នកនិយាយជាសិទ្ធិរបស់បុគ្គល មិនទាក់ទងនឹងគោលជំហរគណបក្សទេ។ សង្ឃឹមថា ឯកឧត្តមនឹងណែនាំដល់អ្នកដែលបញ្ចេញយោបល់ទាំងនោះឲ្យយល់ ដោយរាប់ទាំងប្រាប់ពួកគេឲ្យដឹងអំពីច្បាប់ទាក់ទងនឹងសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាមលើបញ្ហាព្រំដែនផង» ។
សម្តេចតេជោបន្ថែមថា «ខ្ញុំនឹងឲ្យផ្សព្វផ្សាយនូវឯកសារទាំងអស់ រាប់ទាំងលិខិតរបស់សម្តេចឪ ផ្ញើជូនអតីតនាយករដ្ឋមន្ត្រីវៀតណាម ផាំ វ៉ាន់ដុង កាលពីឆ្នាំ១៩៩៩ សុំយកខ្សែប្រេវីយេជាខ្សែព្រំដែនទឹករវាងកម្ពុជា និងវៀតណាម។ ខ្ញុំសង្ឃឹមថា ឯកឧត្តមនឹងអប់រំផ្ទៃក្នុងបក្សកុំឱ្យធ្វើសកម្មភាពទុច្ចរិច បំផ្លាញការខិតខំរបស់រាជរដ្ឋាភិបាលលើការងារព្រំដែនដែលត្រូវបានកំណត់ដោយច្បាប់» ។
សម្តេចតេជោលើកឡើងទៀតថា «តាមរយៈការពន្យល់ដ៏តិចតួចនេះ ឯកឧត្តមអាចយល់ថា ហេតុអ្វីបានជាលោក ហុង ស៊ុនហួរ ត្រូវចាប់ខ្លួននិងសកម្មភាពផ្លូវច្បាប់ត្រូវប្រកាន់យកសម្រាប់អ្នកណាក៏ដោយដែលនិយាយថា ផែនទីក្លែងក្លាយ ធ្វើសកម្មភាពញុះញង់ បោកប្រាស់ប្រជាពលរដ្ឋ បង្កអស្ថិរភាព ដើម្បីកេងចំណេញយកសន្លឹកឆ្នោត ដោយមិនគិតពីផលប្រយោជន៍ស្របច្បាប់របស់ជាតិនិងប្រជាជននោះឡើយ» ។
សម្តេចតេជោសង្កត់ធ្ងន់ថា «ឯកឧត្តម អាចចោទសួរខ្ញុំថា បើមានផែនទីត្រឹមត្រូវហើយថែមទាំងមានច្បាប់គាំពារទៀត ហេតុអ្វីចាំបាច់ទៅសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិ និងពីប្រទេសផ្សេងទៀត ? ត្រង់ចំណុចនេះ ឯកឧត្តមអាចយល់ពីបំណងល្អរបស់ខ្ញុំ ដែលចង់ឲ្យខ្មែរទាំងអស់ឯកភាពគ្នាលើផែនទី ងាយស្រួលរួមគ្នាការពារទឹកដីតាមផែនទីដែលរាជរដ្ឋាភិបាលមាន ។ យើងខ្ចីផែនទីពីអង្គការសហប្រជាជាតិ និងប្រទេសផ្សេងទៀត មកផ្ទៀងជាមួយផែនទីផ្លូវការរបស់កម្ពុជា ដែលស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ និងមានច្បាប់ធានាលើកិច្ចការព្រំដែនកម្ពុជា-វៀតណាម ។ យើងធ្វើនេះក៏ចង់ធានាតម្លាភាពក្នុងចំណោមជាតិយើង កុំឲ្យចោទប្រកាន់គ្នាថា ផែនទីនេះត្រឹមត្រូវ ផែនទីនោះក្លែងក្លាយ រាប់ទាំងផែនទីឯកឧត្តមដែលទិញក្នុងតម្លៃ១៦៨ដុល្លារ ក៏បានយកមកផ្ទៀងរួចហើយដោយរាជបណ្ឌិត្យសភាកម្ពុជា ។ មុនឯកឧត្តមផ្តល់ផែនទីឲ្យរាជបណ្ឌិត្យសភាកម្ពុជា ទាំងឯកឧត្តម ទាំងអ្នកគាំទ្រអះអាងថា ជាផែនទីត្រឹមត្រូវ ហើយចោទថា ផែនទីរាជរដ្ឋាភិបាលជាផែនទីក្លែងក្លាយ ឬផែនទីចោរ ។ ពេលនេះអ្វីៗច្បាស់ហើយ ផែនទីត្រឹមត្រូវរបស់ឯកឧត្តមខ្វះ២ផ្ទាំង សុំរកមកបង្គ្រប់ឲ្យរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ។ សុំឯកឧត្តមកុំបន្ទោសខ្ញុំថា ប្រើល្បិចយកសត្វមានពិសចេញពីរូង ព្រោះផែនទីត្រឹមត្រូវរបស់ឯកឧត្តមសាហាវជាងសត្វអាសិរពិសទៅទៀត ព្រោះផែនទីនេះមិនត្រឹមតែបោកប្រាស់ប្រជាជនប៉ុណ្ណោះទេ តែផែនទីនេះបានធ្វើឲ្យសហការីឯកឧត្តមខ្លះជាប់គុក និងខ្លះទៀតកំពុងរត់គេចខ្លួន» ។
«ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះតទៅ បញ្ហាព្រំដែន ពិសេសព្រំដែនកម្ពុជា-វៀតណាម លែងក្លាយទៅជាល្បែងនយោបាយបោកប្រាស់ប្រជាជនពីសំណាក់ឯកឧត្តមផ្ទាល់ និងមនុស្សក្នុងគណបក្សឯកឧត្តមតទៅទៀត ។ ខ្ញុំនឹងចូលរួមកំដរឯកឧត្តមនូវគ្រប់ទម្រង់ល្បែងនិងគ្រប់កាលៈទេសៈ គ្រប់រដូវកាល និងគ្រប់រសជាតិ (ក្តៅ ត្រជាក់ ផ្អែម ល្វីង ជូរចត់) ។ល។ ខ្ញុំកំដរឯកឧត្តមបានទាំងអស់ ដូចដែលធ្លាប់បានធ្វើចំពោះខ្ញុំកន្លងមក តាំងពីមានស៊ី អត់សែន មានសែន អត់ស៊ី រហូតមកដល់វប្បធម៌សន្ទនា ដែលយើងបានរួមគ្នាកសាងឡើងដែលជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនយើងវែងឆ្ងាយទៅមុខទៀត» ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ សីហាកន្លងទៅ ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការផ្ទៀងផ្ទាត់ផែនទីដែលទទួលបានពីរាជរដ្ឋាភិបាល ផែនទីរបស់គណបក្សសង្គ្រោះជាតិ និងផែនទីរបស់វិទ្យាស្ថានជាតិបារាំង ។ ពេលនោះមានផែនទីចំនួន២៦ផ្ទាំងដូចគ្នា ឯផែនទីរបស់គណបក្សសង្គ្រោះជាតិដែលផ្តល់ឲ្យក្រុមអ្នកស្រាវជ្រាវមានលក្ខណៈដូចគ្នាទាំងអស់មានចំនួន២៤ផ្ទាំង ចំណែក២ផ្ទាំងទៀតក្រុមអ្នកស្រាវជ្រាវបានបដិសេធមិនទទួលព្រោះមានលក្ខណៈខុសគ្នា ។
ចំពោះបញ្ហានេះ លោក អ៊ូ ចន្ទឫទ្ធិ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យគណបក្សនេះ ធ្លាប់បានលើកឡើងថា គណបក្សសង្គ្រោះជាតិនឹងខិតខំស្វែងរកផែនទី២ផ្ទាំងទៀតមកឲ្យក្រុមអ្នកស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ឲ្យដូចគ្នា ។ ឯចំពោះបញ្ហាដែលសមាជិកគណបក្សសង្គ្រោះជាតិចោទថា រាជរដ្ឋាភិបាលប្រើផែនទីក្លែងក្លាយនោះ ជាការលើកឡើងរបស់បុគ្គលនោះទេ មិនមែនគណបក្សសង្គ្រោះជាតិជាអ្នកចោទទេ ៕
ចែករំលែកព័តមាននេះ