រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ឈ្លោះប្រកែកជាមួយប្តី រឿងអត់ដាំបាយឲ្យប្តីខ្លាចប្តីប្រើអំពើហិង្សា ខំប្រឹងជិះម៉ូតទៅទិញនំបុ័ងសាច់ឲ្យប្តី ត្រូវចោរភ្ជង់ប្លន់យកម៉ូតូហុងដាឌ្រីមស៊េរី២០១៥មួយគ្រឿងទៅបាត់ ដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥ ខែកក្កដា នៅតាមផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះមានឈ្មោះ ឆាយ ភក្កី អាយុ២១ឆ្នាំ មុខរបរលក់ចាបហួយ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ដោយសារអង្ករអស់គាត់មិនបានដាំបាយទុកឲ្យប្តីទេ ពេលប្តីត្រឡប់មកពីធ្វើការវិញ ខឹងប្រពន្ធអត់ដាំបាយ ហើយវាយចានឆ្នាំង ធ្វើឲ្យប្រពន្ធខ្លាចប្តីប្រើអំពើហិង្សានាំមានរឿងវែងឆ្ងាយ ក៏ទុកកូនតូចម្នាក់ឲ្យប្តីមើល ហើយជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS 5002 ជិះទៅរកទិញនំបុ័ងសាច់ នៅមុខរោងចក្រ QMI ដោយសារយប់ជ្រៅទៅហើយ គេឈប់លក់ដូរ ក៏បានជិះម៉ូតូត្រឡប់មកវិញជិតដល់ផ្ទះជួល ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ មួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានជិះម៉ូតូកៀរ ហើយដកកាំភ្លើងភ្ជង់ធ្វើឲ្យស្ត្រីរងគ្រោះភ័យបានចុះពីលើម៉ូតូ ត្រូវជនសង្ស័យប្លន់យកទៅបាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុទើបមានការផ្អើលឆោឡោថា ចោរប្លន់ម៉ូតូ ទើបប្តីចេញមកថែមទាំងស្តីបន្ទោសប្រពន្ធទៀតថា យប់ស្ងាត់ហើយនៅហ៊ានជិះម៉ូតូទៀត ។ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍ចោមចៅជួយអន្តរាគមន៍ផងដែរ ៕
ចែករំលែកព័តមាននេះ