ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់សុំផ្ទះគេសម្រាកបានមួយយប់ ព្រឹកឡើងត្រូវម្ចាស់ផ្ទះប្រទះឃើញចង.កសម្លាប់ខ្លួននឹងខ្សែក្រវាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៧ព្រឹក ថ្ងៃទី១២ កក្កដា ២០១៥ នៅភូមិក្បាលស្ពាន០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះឈ្មោះជា ឆដា ហៅយូ អាយុ៣៥ឆ្នាំ ជាពលករទើបវិលត្រឡប់ពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១១ កក្កដា មានទីលំនៅភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទងខេត្តកំពង់ធំ។
ប្រភពបានឱ្យដឹងថា បុរសរងគ្រោះបានចង.កនឹងខ្សែក្រវាត់ ហើយស្លាប់អង្គុយលើឥដ្ឋការ៉ូផ្ទះជាន់ទី១ដែលមានម្ចាស់ឈ្មោះទេព្យ បូរ៉ា អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះញឹក ណារីន អាយុ៤៧ឆ្នាំ ដែលស្ត្រីជាម្ចាស់ផ្ទះត្រូវជាម្ដាយមីងបង្កើតរបស់ជនរងគ្រោះ។
តាមស្ត្រីម្ចាស់ផ្ទះប្រាប់ថា មុនកើតហេតុកាលពីរសៀលថ្ងៃទី១១ ជនរងគ្រោះបានវិលត្រឡប់ពីប្រទេសថៃ ហើយបានសុំគាត់ស្នាក់នៅ០១យប់ លុះព្រឹកថ្ងៃទី១២នេះ នៅម៉ោងប្រហែល៧ព្រឹកគាត់ និងគ្រួសារគិតថាចង់ទៅផ្សាររុងក្លឿលក់ដូរដូចសព្វមួយដងក៏ឡើងទៅហៅជនរងគ្រោះដើម្បីឲ្យត្រឡប់ទៅស្រុក ស្រាប់តែប្រទះឃើញស្លាប់ដោយចង.កនឹងខ្សែក្រវាត់តែម្ដង។
នៅក្បែរខ្លួនសពគេឃើញមានថ្នាំពេទ្យមួយចំនួន ហើយស្ត្រីម្ចាស់ផ្ទះនិយាយថា ក្មួយរបស់គាត់កើតរោគសសៃប្រាសាទ ព្រោះកន្លងមកគេតែងតែលេបថ្នាំសសៃប្រាសាទជាប្រចាំ។ ស្ត្រីខាងលើបន្តថា ជនរងគ្រោះមុនចូលដេកបានស្រែកថា មានគេតាមវាយធ្វើបាបរហូត២០ទៅ៣០នាក់ តែពេលគាត់រកមើលមិនឃើញមានអ្វីឡើយ។
ទោះជាយ៉ាងណានៅផ្ទះកើតហេតុគេឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធនគរបាល និងអាវុធហត្ថ ព្រមជាមួយគ្រូពេទ្យមានទាំងអាជ្ញាធរផងបានចុះទៅធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យសព។ ផ្អែកលើកោសល្យវិច័យ សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះបានចង.កសម្លាប់ខ្លួនឯង ហើយសពនឹងដឹកទៅស្រុកកំណើតឯខេត្តកំពង់ធំដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ