ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលជំនាញការិយាល័យកណ្តាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ទោស៊ិន ណារ៉ាក់ នាយការិយាល័យកណ្តាលព្រហ្មទណ្ឌស្តីទី និងលោកវរសេនីយ៍ត្រីភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានសហការជាមួយកម្លាំងនគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលស្រុកសំពៅលូន ចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធបានជាបន្តបន្ទាប់ចំនួន៣នាក់ នៅស្រុកម៉ាឡៃ។
លោកវរសេនីយ៍ត្រីភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានរៀបរាប់ថា នៅវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៧ កក្កដា ២០១៥ មានករណីក្មេងស្ទាវចំនួន២ក្រុមបានធ្វើសកម្មភាពវាយតប់គ្នា ក្រោយពីទទួលបានព័ត៌មាននៅចំណុចទួលម្កាក់ ស្ថិតក្នុងភូមិបល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាគង់ បានចេញប្រតិបត្តិការ។
ពេលទៅដល់ចំណុចទួលម្កាក់ស្រាប់តែលេចមុខជន៣នាក់ ដោយមិនដឹងថា ជាសមត្ថកិច្ច ឬយ៉ាងណាទេ ព្រោះស្លៀកពាក់ស៊ីវីល ពួកគេបានធ្វើសកម្មភាពស្ទាក់ និងយកដុំថ្មគប់ក្នុងគោលបំណងប្លន់យកម៉ូតូ ពេលនោះមានកម្លាំងនគរបាលបានជិះម៉ូតូ១គ្រឿងទៀតមកពីក្រោយក៏ភ្ជង់ទៅជនទាំង៣នាក់ តែ២នាក់បានរត់រួច និងម្នាក់ត្រូវបានសមត្ថកិច្ចភ្ជង់ចាប់បានឈ្មោះពៅ រចនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ តែដេកស្នាក់នៅភ្ជួរចម្ការនៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ នាំយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលតាគង់ ។
ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឈ្មោះចឺយ ច្រិប និងប្តីឈ្មោះកេន សៅ នៅភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ជាជនរងគ្រោះក្នុងអំពើប្លន់ប្រដាប់អាវុធកាលពីយប់ថ្ងៃទី២៨ មិថុនា ២០១៥ មកមើលទើបជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដឹងថា ជនឈ្មោះពៅ រចនា គឺជាក្រុមចោរប្លន់ផ្ទះរបស់គាត់ ដោយពួកគាត់បានស្គាល់មុខ-សក់ និងមានសក្តិដៃ ចំណែកឯជនសង្ស័យឈ្មោះពៅ រចនា គេបានសារភាពពីទង្វើរបស់គេថា ពិតជាបានធ្វើសកម្មភាពចូលរួមប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ២នាក់ប្តីប្រពន្ធនេះពិតប្រាកដមែន ដោយពួកគេមានគ្នីគ្នាចំនួន៤នាក់ ប្រដាប់ដោយអាវុធធុន AK ១ដើម-អាវុធខ្លី១ដើម និងដំបងឈើ១។
លោកនាយការិយាល័យបានបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោកផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨កក្កដា ២០១៥ លោក និងលោកវរសេនីយ៍ទោស៊ិន ណារ៉ាក់ នាយការិយាល័យកណ្តាលព្រហ្មទណ្ឌស្តីទីបានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងនគរបាលស្រកម៉ាឡៃ ចុះប្រតិបត្តិការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបក្សពួកគេបានម្នាក់ឈ្មោះឃន់ វឿយ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ព្រមទាំងបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមក្នុងអំពើប្លន់នោះដែរ។
ក្រោយពីទទួបានចម្លើយសារភាពពីឈ្មោះឃន់ វឿយ និងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ័ត្រីអាត់ ខែម ស្នងការនគរបាលខេត្ត និងការសម្រសម្រួលពីលោក ផាន់ វណ្ណរត្ន័ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងមានការនុញ្ញាតឲ្យពន្លាតដែនដីពីលោកព្រះរាជអាជ្ញាខេត្តបាត់ដំបង រួមទាំងមានកិច្ចសហការពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រៃស៉ម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងការតាមប្រមាញ់ចាប់ជនសង្ស័យក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ កក្កដា ២០១៥ លោក និងលោកនាយការិយាល័យកណ្តាលស្តីទី កម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលស្រកម៉ាឡៃ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះឆយ សុខគា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិចំការតាប៊ុន ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
តាមចម្លើយសារភាព គឺឈ្មោះឆយ សុខគា ជាអ្នកទូរស័ព្ទហៅឈ្មោះពៅ រចនា, ឈ្មោះឃន់ វឿយ និងម្នាក់ទៀតរត់គេចខ្លួន មកដាក់ផែនការរៀបចំប្លន់ផ្ទះជនរងគ្រោះឈ្មោះចឺយ ច្រិប និងឈ្មកេន សៅ ពិតប្រាកដមែន។
គួរបញ្ជាក់ថា ទ្រព្យសម្បត្តិដែលក្រុមកចោរប្លន់បានមានខ្សែ.ក ប្លាទីនទម្ងន់៤ជីចំនួន២ខ្សែ, ចិញ្ចៀន១វង់តម្លៃ១ម៉ឺនបាត, ប្រាក់ថៃចំនួន៣ម៉ឺនបាត និងប្រាក់ខ្មែរប្រហែលជា២០ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ