ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទរំលោភលើសេចក្តីទុកចិត្តកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ត្រីម៉ុល សុភេទ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលស្តីទីបានឲ្យដឹងថា ស្ត្រីសង្ស័យឈ្មោះដន មុំ អាយុ២៥ឆ្នាំ នៅភូមិបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទរំលោភលើសេចក្តីទុកចិត្ត ដោយធ្វើសកម្មភាពខ្ចីម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ប.មានជ័យ 1L-5340 របស់ឈ្មោះលុយ ជូត ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិះមកផ្សារថ្មពួកមួយភ្លែត តែបែរជាជិះយកមកលក់នៅទីរួមខេត្តបន្ទាយមានជ័យទៅវិញ ។
ស្ត្រីសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត ។ ចំណែកម៉ូតូបានប្រគល់ទៅឱ្យម្ចាស់ដើមវិញនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥នេះផងដែរ ៕
ចែករំលែកព័តមាននេះ