ខេត្តព្រះសីហនុ ៖ ស្ត្រីជាជនសង្ស័យជាប់ពាក់ព័ន្ឋបទសញ្ចរកម្មម្នាក់ ដែលសមត្ថកិច្ចកងរាជអាវុធឃាត់ខ្លួនកាលពីថ្ងៃទី៥ កក្កដា ២០១៥ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូង ខេត្ត នៅរសៀលថ្ងៃទី៦ កក្កដា នេះ ដើម្បីចាត់ការតាមនីតិវិធី ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអអាវុធហត្ថខេត្ត បានឱ្យដឹងថា កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី៥ កក្កដា ២០១៥ មាននារីរងគ្រោះ២នាក់ ម្នាក់ឈ្មោះ ចាន់ ស្រីស្រស់ អាយុ២៨ឆ្នាំ និងម្នាក់ទៀត ឈ្មោះ វ៉ាន់ ញិប អាយុ៣៤ឆ្នាំ បានមកប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ពីឈ្មោះ ហ៊ុយ មួយ អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលបានបង្ខំឱ្យពួកនាងរួមភេទជាមួយភ្ញៀវ ព្រមទាំងជេរប្រមាថទៀតផង ។
ក្រោយពីបានទទួលបណ្តឹងនេះភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន៥នាក់ បានចុះប្រតិបត្តិការដល់កន្លែងកើតហេតុ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនឈ្មោះ ហ៊ុយ មួយ និងនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។
យោងតាមការបំភ្លឺរបស់ឈ្មោះ ចាន់ ស្រីស្រស់ និងឈ្មោះ វ៉ាន់ ញិប បានឱ្យដឹងថា កាលពីថ្ងៃទី២ កក្កដា ២០១៥ ពួកគាត់បានជួបជាមួយឈ្មោះ ហ៊ុយ មួយ នៅវត្តភ្នំ រួចឈ្មោះ ហ៊ុយ មួយ បានបបួលពួកគាត់ឱ្យមកធ្វើការនៅក្រុងព្រះសីហនុ ធ្វើជាអ្នកបម្រើតាមផ្ទះ ពេលនោះពួកគាត់ក៏យល់ព្រមមកតាម លុះមកដល់ក្រុងព្រះសីហនុ ស្រាប់តែឈ្មោះ ហ៊ុយ មួយ បានបង្ខំឱ្យពួកគាត់ទទួលភ្ញៀវបម្រើសេវាផ្លូវភេទទៅវិញ ។
ដោយពុំមានជម្រើសពួកគាត់បានបង្ខំចិត្តរួមភេទជាមួយភ្ញៀវ ដោយក្នុង១ថ្ងៃចាប់ពី២ទៅ៣នាក់ ហើយកម្រៃនៃការរួមភេទក្នុងមួយសិច២ម៉ឺនរៀល តែត្រូវបង់ឱ្យឈ្មោះ ហ៊ួយ មួយ ១ម៉ឺនរៀល ។ ពួកគាត់ បន្តថា មិនតែប៉ុណ្ណោះ ឈ្មោះ ហ៊ួយ មួយ បានបង្ខាំងពួកគាត់ទុកមិនឱ្យចេញទៅណាមកណាទេ និងបង្ខំឱ្យទទួលភ្ញៀវគ្មានម៉ោងសម្រាកទៀតផង ដោយទ្រាំនឹងទង្វើនេះលែងបាន ពួកគាត់ទាំងពីរនាក់ ក៏បានមកប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថតែម្តង ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ