ខេត្តពោធិ៍សាត់ ៖ ផ្ទះឈើមួយខ្នង ក្រាលក្ដារ ជញ្ជាំងក្ដារ ប្រក់ស្លឹកទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ បានត្រូវអគ្គិភ័យលេបត្របាក់ក្លាយជាផេះផង់ក្នុងរយៈពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ដោយសារកូនស្រីម្ចាស់ផ្ទះបង្កាត់ភ្លើងដាំបាយប្រើក្រដាសដុត ហើយនៅពេលក្រដាស់ឆាបដៃនាងក្ដៅក៏គ្រវាត់ទៅកៀនជញ្ជាំងបណ្ដាលឲ្យឆេះជញ្ជាំងស្លឹករាលទៅឆេះផ្ទះទាំងមូលតែម្ដង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ កក្កដា ២០១៥ នៅចំណុចភ្នំត្រប់ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលរលាប បានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ ជា ប៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីនគរបាលខេត្តពោធិ៍សាត់ ។ នៅព្រឹកកើតហេតុនោះ ស្ត្រីជាម្ដាយរវល់ទៅធ្វើចម្ការដាំដំឡូងមីនៅម្ដុំភ្នំត្រប់ ចំណែកឪពុកចេញទៅធ្វើការនៅស្នងការដ្ឋាននគរបាលខេត្ត ។
កូនស្រីអាយុ៩ឆ្នាំ ចេញពីរៀនមកដល់ផ្ទះមុនគេ បានបង្កាត់ភ្លើងដាំបាយ ។ ការបង្កាត់ភ្លើងនេះ កូនស្រីបានយកក្រដាសសៀវភៅដុតដើម្បីដាក់កម្ទេចកម្ទីឈើពីលើ ប៉ុន្តែពេលដែលដុតនោះភ្លើងក្រដាសបានឆាបដៃធ្វើឲ្យនាងក្ដៅភ្ញាក់ ក៍គ្រវាត់ទៅកៀនជញ្ជាំងបណ្ដាលឲ្យឆេះជញ្ជាំងស្លឹកនៅជុំវិញចង្ក្រានបាយ ហើយដោយសារនាងនៅម្នាក់ឯងភ័យស្លន់ស្លោរពុំមានអ្នកណាជួយដងទឹកពន្លត់ ទើបរាលដាលឆេះផ្ទះទាំងមូលបែបនេះ ។
សម្ភារក្នុងផ្ទះមានទាំងប៉ុន្មានត្រូវភ្លើងឆេះហ្មត់អស់គ្មានសល់ ដូចជា ម៉ាស៊ីនកាត់ដំឡូង១ កង់មួយគ្រឿង ទូរទស្សន៍១គ្រឿង អង្ករ៥០គីឡូក្រាម អាគុយ៥០អំពែរ១ ស្បៃហាលដំឡូង៣០ដុំ ខោអាវ ចានឆ្នាំង និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
តាមការផ្ដល់ព័ត៌មានពីអាជ្ញាធរមូលដ្ឋានឲ្យដឹងថា ព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាននាំយកអំណោយទៅផ្ដល់ជូនជាបន្ទាន់ផងដែរ ៕
ចែករំលែកព័តមាននេះ