ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ​អង់​តែ​ន ព្រៃ​ប្រវត្តិសាស្ត្រ​ក្នុង​ទឹកដី​ខេត្តកំពង់ធំ កំពុង​រង​ការ​កា.ប់​បំផ្លាញ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ

9 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ព្រៃ​អង់​តែ​ន​គឺជា​ព្រៃ​ប្រវត្តិសាស្ត្រ​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ និង​មាន​ផ្ទៃដី​សរុប​ទំហំ​៣១.៤១៦​ហិ​កតា ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រយៀរ និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំ​រីង

ខេត្តកំពង់ធំ ៖ ព្រៃ​អង់​តែ​ន​គឺជា​ព្រៃ​ប្រវត្តិសាស្ត្រ​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ និង​មាន​ផ្ទៃដី​សរុប​ទំហំ​៣១.៤១៦​ហិ​កតា ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រយៀរ និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំ​រីង ក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​ស​ន្ទុ​ក និង​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។ បច្ចុប្បន្ន​កំពុង​តែ​រង​នូវ​ការ​កាប់​បំផ្លិចបំផ្លាញ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ដោយ​មាន​ឈ្មួញ រួម​ជាមួយ​និង​មន្ត្រីរាជការ​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ខ្នង​រង់ចាំ​ទទួល​ទិញ នៅ​ពេល​ណា​ដែល​គេ​កាប់​រាន​បាន និង​ដុត​បំផ្លាញ​ព្រៃ​រួចរាល់ ។

ចំណែក​ចំណុច​ដែល​កំពុង​តែ​កាប់​បំផ្លិចបំផ្លាញ​ខ្លាំង​ជាងគេ​គឺ​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំ​រីង ក្នុងស្រុក​សណ្តាន់ ។ក្នុង​តំបន់​ព្រៃ​អង់​តែ​ន​នេះ​ដែរ ក៏​មាន​ផ្ទៃដី​មួយ​ចំនួន​ជា​របស់​លោក​អនុ​សេនី​យ៏​ឯក ជា ផល ឋានៈ​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ទំ​រីង​ផង​ដែរ ។

លោក​ហូ គឹ​ម​ឆេ​ង នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំ​រីង ប្រាប់​ថា ចំពោះ​ករណី​ខាងលើ​កម្លាំង​របស់លោក​បាន​ចុះ​ធ្វើការ និង​ចងក្រង​សំណុំរឿង​បានជា​ច្រើន​ករណី​មក​ហើយ​បញ្ជូន​ទៅ​តុលាការខេត្ត ក្នុង​នោះ​ក៏​មាន​ផ្ទៃដី​ប្រហែលជា​៧​ទៅ​៨​ហិ​កតា​ជា​របស់​លោក​អនុ​សេនី​យ៍​ឯក​ជា ផល ឋានៈ​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ទំ​រីង​ផង​ដែរ ។

លោក​អនុ​សេនី​យ៏​ឯក​ជា ផល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ទំ​រីង​ប្រាប់​ថា ដី​ខាងលើ​នេះ​លោក​បាន​ទិញ​ពី​គេ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ​ លោក​សៅ វណ្ណ​នី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​ទទួល ប្រហែល​ដោយសារ​ឃើញ​លេខ​ទូរស័ព្ទ​របស់​អ្នក​សារព័ត៌មាន​ទូរស័ព្ទ​ចូល លោក​មិន​ទទួល​តែ​ម្តង ក៏​មិនដឹង ! Sic !

លោ​កតឹប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​បាន​ប្រាប់​«​កោះសន្តិភាព​»​ថា ចំពោះ​បញ្ហា​ព្រៃ​អង់​តែ​ន​នេះ គឺជា​ព្រៃ​ដែល​រាជ​រដ្ឋា​ភិបាល​ជប៉ុន ក្រោម​ការ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ជា​ស្ថានីយ​អង្កេត​ស្រាវជ្រាវ​ពី​ចរន្តទឹក​នៅ​តំបន់​ទី​ជំរាល​ក្នុង​ប្រទេស​កម្ពុជា អាស៊ី​-​មូសុង ។ យើង​ក៏​បាន​បង្កើត​សហ​គម​ន៍សហការ​គ្នា​ជាមួយ​អាជ្ញាធរ និង​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ឲ្យ​ចុះ​ល្បាត​​ក្នុង​ម៉ូតូ​១​គ្រឿង​២០$​ក្នុង​ថ្ងៃ និង​មាន​ប្រាក់ខែ​ជាង​១០០$ ទៅ​២០០$​ក្នុង​១​ខែ ហើយ​ព្រៃ​អង់​តែ​ន​កំពុង​តែ​រៀបចំ​អនុក្រឹត្យ​គម្រោង​រេ​ត​បូក កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បណ្តាល​មក​ពី​ការ​រិច​រិល​ព្រៃឈើ ។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​បាន​បន្ត​ទៀត​ថា ចំណែក​ករណី​ចូល​កាប់​រាន​ដី​ព្រៃ​នោះ​កម្លាំង​របស់​យើង​កម្រ​នឹង​ចាប់​បាន​ជនសង្ស័យ​បាន​ណាស់ ដោយសារ​ពួក​គាត់​សុទ្ធតែ​មាន​អាវុធ​ក្នុង​ដៃ មិន​ឲ្យ​ចាប់ខ្លួន​នោះ​ទេ ។ គឺ​មាន​តែ​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ​ទេ ។ រីឯ​អ្នក​ចូល​ទៅ​កាប់​ទន្ទ្រាន និង​អ្នក​ចាំ​ទទួល​ទិញ​ដី​ព្រៃ​អង់​តែ​ន​សុទ្ធតែ​ខុសច្បាប់ គឺ​មានទោស​ដូច​គ្នា ។ រឿង​នេះ​លោក​នឹង​រាយការណ៍​ជូន​ទៅ​ឯកឧត្តម​អភិបាលខេត្ត ។

ចំណែក​ប្រជាពលរដ្ឋ​នាំ​គ្នាំ​និយាយ​រិះគន់​ថា ព្រៃឈើ​នៅ​ក្នុង​ទឹកដី​ស្រុក​សណ្តាន់ បើ​ទុក​លោក​សៅ វណ្ណ​នី នាយ​ផ្នែក​រដ្ឋបាល​ព្រ​ឈើ​សណ្តាន់ លោក​ចាន់ មុន្នីនាថ នាយ​សង្កាត់​ព្រៃឈើ​សណ្តាន់ និង​លោក​ហ៊ូ គឹ​ម​ឆេ​ង នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំ តទៅ​ទៀត​នោះ ព្រៃឈើ​ដែល​នៅ​សេសសល់​ច្បាស់​ជា​នឹង​ត្រូវរលាយ​គ្មាន​សល់​ជាក់​ជា​មិន​ខាន​ឡើយ ។

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មេត្តា​មាន​វិធានការ​ជាមួយ​លោក​ទាំង​៣​នេះ​ផង ដើម្បី​ការពារ​ព្រៃឈើ ដែល​នៅ​សេសសល់ ៕​