ខេត្តកំពង់ធំ ៖ ដីព្រៃសម្បទានសង្គមកិច្ចរាប់ពាន់ហិចតាកំពុងត្រូវបានគេលួចបន្លំជាតំណាងប្រជាពលរដ្ឋ និងបក្សពួករបស់ខ្លួនមួយក្រុម រុករានកាប់បំផ្លាញយកមកធ្វើជាកម្មសិទ្ធិដោយពុំមានការហាមឃាត់ទប់ស្កាត់ពីសំណាក់មេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ឋនោះឡើយ ។
តាមការៀបរាប់ពីម្ចាស់ចំការនៅទីនោះបានឲ្យដឹងថា ដីនៅចំនុច៥៥ ស្ថិតក្នុងភូមិអូរតូច ឃុំយក្សកក្តី ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋជាច្រើននាំគ្នាកាប់ព្រៃរំលំ នៅពេលដែលងាប់ស្លឹកអស់ក៏ចាប់ផ្តើមដុត ហើយនាំគ្នាយកដំឡូង និងដំណាំផ្សេងៗទៀតមកដាំតែម្តង ដោយមិនបាច់ភ្ជួរាស់នោះទេ រួចក៏ក្លាយជាចំការតែម្តង ។ ម្ចាស់ចំការម្នាក់នោះបានបញ្ជាក់ទៀតថា ការកាប់ដុតនេះពុំមាននរណាចែកឲ្យទេ គឺចាប់យករៀងៗខ្លួន គ្រាន់តែមានការបង់លុយឲ្យលោកមេព្រៃ និងសមត្ថកិច្ចដែលប្រចាំការនៅទីនោះតែប៉ុណ្ណោះ ។
លោកសៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ពុំអាចសុំការបំភ្លឺបានទេ ដោយលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកគឺ ០១២ ៨៦៩ ៥៦៧ ទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទទួល ។
លោកហូ គឹមឆេង នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីង បានឲ្យដឹងថា ដីនៅចំនុច៥៥ ឃុំយក្សកក្តី នេះ គឺពាក់ព័ន្ឋស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ហើយស្រុកទាំងពីរបានបង្កើតគណៈកម្មការចម្រុះចុះទៅត្រួតពិនិត្យ ដើម្បីថែរក្សាដីព្រៃ និងស្តារដីព្រៃឡើងវិញដែរ ។
លោកអេង សុភេន ប្រធានអង្គការសមាគម អភិរក្សព្រៃឈើ សត្វព្រៃ ជលផល បានចេញមុខធ្វើជាតំណាងឲ្យប្រជាពលរដ្ឋ កំពុងតែរត់ការរៀបចំដីសង្គមកិច្ច សុំឈូសឆាយដីព្រៃនៅតំបន់៥៥នេះ ។ តាមប្រភពព័ត៌មានច្បាស់ការមួយបានបញ្ជាក់ថា លោកអេង សុភេន បានតាំងខ្លួនជាតំណាងប្រជា
ពលរដ្ឋរៀបចំដីព្រៃសង្គមកិច្ចនេះ គឺជាឆាកល្ខោនបន្លំភ្នែកថ្នាក់ដឹកនាំ ដើម្បីយកដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិ ដោយម្នាក់ៗតម្រូវឲ្យបង់លុយចំនួន២០០$សម្រាប់ការរត់ការ ។ ដោយមានការឃុបឃិតជាមួយលោកនាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ និងនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំម្នាក់ ។
លោកតឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានប្រាប់«កោះសន្តិភាព»កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ថា កន្លងមកមានតំណាងប្រជាពលរដ្ឋ២នាក់ចេញមុខរត់ការ ទី១-ឈ្មោះអេង សុភេន ប្រធានអង្គការសមាគមអភិរក្សព្រៃឈើ សត្វព្រៃ ជលផល និងទី២-ឈ្មោះសូ ម៉ាលី ភេទប្រុស បានដាក់សំណើទៅថ្នាក់លើ ត្រង់បានឬមិនបាននោះលោកមិនដឹងទេ ពីព្រោះកន្លងមកប្រជាពលរដ្ឋពិតប្រាកដនៅក្នុងស្រុកសណ្តាន់ គឺអាជ្ញាធរបានចែកដីឲ្យគ្រប់ៗគ្នាអស់ហើយ ហើយដីព្រៃដែលស្នើសុំនោះមានចំនួនរហូតដល់ទៅប្រហែល២០០០ហិតាឯណោះ ។ ចំនុចសំខាន់ដីព្រៃដែលសុំនោះគឺជាដីព្រៃស្រោងរបស់រដ្ឋ ម្យ៉ាងវិញទៀតដីព្រៃរបស់រដ្ឋដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំបច្ចុប្បន្ននេះគឺមានតិចតួចណាស់ អញ្ចឹងហើយត្រូវការការត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ៕
ចែករំលែកព័តមាននេះ