រាជធានីភ្នំពេញ ៖ លោកម៉ូវ មានិត អភិបាលរងខណ្ឌសែនសុខ កាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី៤ កក្កដា ២០១៥ នេះ បានដឹកនាំកម្លាំងប្រជាការពារ និងប៉ូលិសបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ដោយដកហូតបានចំនួន២ទូ មករក្សាទុកនៅសាលាខណ្ឌ ។
ជាមួយនោះ អាជ្ញាធរក៏បាននាំខ្លួនអ្នកមើលការខុសត្រូវទូហ្គេមម្នាក់ រួមទាំងអ្នកលេងម្នាក់ផងដែរ ។ ចំពោះការបង្ក្រាបទូហ្គេមរបស់អាជ្ញាធរនេះ មហាជនមិនបានសាទរនោះទេពីព្រោះគេយល់ថាជាការបង្ក្រាបរបៀបរើសអើង។ អ្នកភូមិរស់នៅខណ្ឌសែនសុខជាច្រើននាក់ ដោយសុំមិនបញ្ចេញឈ្មោះថា ទីតាំងហ្គេមចំនួន២កន្លែងនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងភូមិទំនប់សង្កាត់ភ្នំពេញថ្មីដដែលនេះ បានបើកដំណើរការយ៉ាងរលូនទាំងយប់ថ្ងៃ ដោយគ្រាន់តែគេប្រើល្បិចស្ពិនភ្នែកបិទទ្វារមុខ ចំហរទ្វារក្រោយប៉ុណ្ណោះ។
អ្នកភូមិបន្តថា ទីតាំងបើកលេងហ្គេមបាញ់ត្រីចំនួន២កន្លែងខាងលើនេះ គឺ១កន្លែងបើកដំណើរការ២៤ម៉ោង លើ២៤ម៉ោង មានខ្នងមន្ត្រីប៉ូលិសម្នាក់ នៅការិយាល័យប្រឆាំងគ្រៀងញៀនរាជធានីភ្នំពេញ ។ ឯទីតាំង១កន្លែងទៀត គេបើកដំណើរការនៅពេលយប់ចាប់ពី៦ល្ងាច ទល់ភ្លឺតែម្តង ដោយទីតាំងនេះ មានអភិបាលរងខណ្ឌសែនសុខម្នាក់ ជាអ្នកនៅពីក្រោយ ។
អ្នកភូមិបានចោទសួរថា មូលហេតុអ្វីបានជាអាជ្ញាធរមិនបង្ក្រាបទីតាំងល្បែងស៊ីសងទាំង២ទីតាំង? ដែលកំពុងបង្វក់ស្មារតីយុវជនរាល់ថ្ងៃដោយខ្លះភ្លេចសាលាភ្លេចផ្ទះ និងជាពិសេសបង្កភាពអសន្តិសុខដូចជាចោរលួចឆក់ប្លន់ និងឆក់ជាដើម? ។
ទោះបីយ៉ាងណា បើតាមដឹងទីតាំង២កន្លែងខាងលើនេះ គឺត្រូវបានអាជ្ញាធរសង្កាត់ភ្នំពេញថ្មី និងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបម្តងមកហើយ មិនដឹងយ៉ាងម៉េចបានជាបើកឡើងវិញបាននោះ ។ ជុំវិញករណីទីតាំងបើកហ្គេមបាញ់ត្រីខាងលើនេះលោកលី សាវ៉េត ធ្លាប់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីសហ្តហ៍មុនថា មន្ត្រីថ្នាក់ក្រោមទៅបង្ក្រាប ក៏ប៉ុន្តែស្ងាត់ជ្រាបដូចចោរលួចសេះតែម្តង ៕
ចែករំលែកព័តមាននេះ