រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញបាននិងកំពុងជំរុញឲ្យមន្ត្រីជំនាញពន្លឿនការស្ថាបនាសួនរង្វង់មូលជ្រោយចង្វារទាំងនៅត្រើយខាងលិច និងខាងកើត ដើម្បីឲ្យទាន់ការដាក់សម្ពោធស្ពានជ្រោយចង្វារទីពីរនៅដើមខែតុលា ២០១៥ឆាប់ៗខាងមុខនេះ។
មន្ត្រីជំនាញសាលារាជធានីភ្នំពេញបានឲ្យដឹងថា សួនច្បាររង្វង់មូលគល់ស្ពានជ្រោយចង្វារត្រើយខាងលិចស្ថាបនាបាន៩៨%ហើយ គ្រោងបព្ចាប់នៅពាក់កណ្តាលខែកក្កដា ចំណែកឯរង្វង់មូលជ្រោយចង្វារត្រើយខាងកើតទើបតែស្ថាបនារួចបានត្រឹមតែ55% ហើយគ្រោងបញ្ចប់នៅមុនខែតុលា ដើម្បីឈានទៅដល់ធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការតែម្តង ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការស្ថាបនារង្វង់មូលសួនច្បារត្រើយខាងកើតនេះត្រូវប្រើរយៈពេលយូរ ក្នុងនោះមានស្ថាបនារូបសំណាកព្រហ្មបាយ័ន ឬព្រហ្មមុខបួន ដែលមានកំពស់ ៩.១៨ម៉ែត្រ ទទឹង៥.៤០ម៉ែត្រ និងក្បាលនាគចំនួន៦ ហើយមកដល់ពេលនេះក្រុមអ្នកជំនាញកំពុងធ្វើសកម្មភាពដាប់ថ្មភ្នំឆ្លាក់រូប និងការស្ទូចដំឡើង បន្តុបលើគ្នា រួមជាមួយនឹងការត្រៀមលក្ខណៈ ការរចនាសួនច្បារ និងការដាំកូនផ្កា និងកូនឈើតូចៗឲ្យមានលក្ខណៈស្រស់ស្អាត។
ដោយឡែកសម្រាប់សួនរង្វង់មូលត្រើយខាងលិចវិញកម្មករជំនាញកំពុងដំឡើងបង្គោលភ្លើងបំភ្លឺការរៀបចំក្រាលថ្មម៉ាបទៀតផង។ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ការកែលម្អ និងការស្ថាបនាសួនច្បារទាំង២នេះ មានសារសំខាន់ ដោយមិនត្រឹមតែជួយសម្រួលការកកស្ទះចរារណ៍នៅចំណុចប្រសព្វទាំង២នេះឲ្យកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់សោភ័ណភាព និងបរិស្ថាន ក្នុងរាជធានីភ្នំពេញដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ ។
សួនច្បាររង្វង់មូលត្រើយខាងកើត គឺបង្ហាញពីប្រវត្តិសាស្ត្រខ្មែរដ៏ល្អផូរផង់តាមរយៈរូបសំណាកព្រះព្រហ្ម ដែលបានឆ្លាក់យ៉ាងល្អប្រណីតស្របទៅនឹងរចនាបថខ្មែរ។
គួររំលឹកថា តាមផែនការស្ពានជ្រោយចង្វារថ្មីនេះគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែកញ្ញា ២០១៥នេះ តែសួនច្បាររង្វង់មូលជ្រោយចង្វារទាំង២នេះស្ថាបនាមិនទាន់រួចរាល់ ដូច្នេះសាលារាជធានីភ្នំពេញស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីពន្យារពេលដល់ខែតុលា២០១៥ខាងមុខ ដែលពិធីសម្ពោធគ្រោងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានី ហ៊ុន សែន ផងដែរ ៕
ចែករំលែកព័តមាននេះ