ខេត្តកំពង់ចាម ៖ ក្រុមក្មេងទំនើង៥នាក់ ប្រដាប់ទៅដោយដាវគ្រប់ដៃបានបង្កជម្លោះ ជាមួយនឹងប្រជាពលរដ្ឋ២នាក់នៅភូមិកញ្ចែរ ឃុំកក់ ស្រុកពញាក្រែក កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៤ កុម្ភៈ ២០១១ បណ្តាល ឱ្យយុវជនម្នាក់ឈ្មោះ ឈឹម ឌីណា អាយុ១៩ឆ្នាំ ស្លាប់និង២នាក់ទៀតរងរបួស ក្នុងនោះមានម្នាក់ត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និង ម្នាក់ទៀតត្រូវបាននាំទៅសង្គ្រោះនៅប្រទេស វៀតណាម ។
ឈ្មោះវន សំណាង បានរៀបរាប់ប្រាប់ឱ្យដឹងនៅក្នុងមន្ទីរពេទ្យខេត្តថា មុនពេលកើតហេតុរូបគេនិងមិត្តភក្តិឈ្មោះឌីណា បានជិះកង់២គ្រឿងចេញពីផ្ទះនៅភូមិបុសទី ឃុំក្រែក កាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី៤កុម្ភៈ ដោយបានឌុបឪពុកមាឈ្មោះថេង ទៅផ្ទះរបស់គាត់វិញនៅភូមិសំបូរ ។ ពេលត្រឡប់មកវិញដល់ភូមិកញ្ចែរ ឃុំកក់ បានជួបឈ្មោះហិ កំពុងផឹកស៊ីជាមួយមិត្តភក្តិស្រែកហៅឱ្យពួកខ្លួនឈប់ ព្រមទាំងជេរ ប្រមាថ និងយកព្រនង់ប្រុងវាយទៀតផង ។ ពេលនោះពួកខ្លួនទាំង២នាក់មិនហ៊ានតបតទេ ក៏បានជិះកង់បន្តដំណើរទៅមុខទៀតបានប្រហែល៣០ទៅ៤០ម៉ែត្រក៏បានជួបនឹងមិត្តភក្តិ របស់ខ្លួន៣នាក់ជិះម៉ូតូមួយគ្រឿងទើបបបួល គ្នាត្រឡប់ទៅជួបឈ្មោះហិវិញក្នុងគោលបំណង សួរនាំរកហេតុផលឱ្យបានច្បាស់លាស់ពីរឿង ជេរប្រមាថ ។
ពេលទៅដល់ក៏មានការឈ្លោះប្រកែក គ្នាហើយឈ្មោះហិ បានយកកាំបិតផ្គាក់កាប់មិត្តភក្តិខ្លួនឈ្មោះ ឌីណា បណ្តាលឱ្យដួលទៅលើដី ឃើញបែបនេះខ្លួនបានស្ទុះទៅជួយក៏ត្រូវឈ្មោះហិ កាប់ត្រូវចំថ្ពាល់ឆ្វេងនិងកំភួនដៃឆ្វេងរងរបួសហូរឈាមស្រោចពេញខ្លួន។ ពេលនោះខ្លួនគ្រាហ៍មិត្តភក្តិរត់ចេញបានប្រហែល៦០ម៉ែត្រក៏លែងដៃមិត្តភក្តិចោលរត់យករួចខ្លួនព្រោះតែក្រុមឈ្មោះហិបាននាំគ្នាដេញតាមពីក្រោយដោយមានកាន់កាំបិតនៅក្នុងដៃ ។
តាមសេចក្តីរាយការណ៏ពីមន្រ្តីនគរបាលស្រុកពញាក្រែកបានប្រាប់កោះសន្តិភាពឱ្យដឹងថា ដើមហេតុដំបូងក្រុមក្មេងទំនើង៥នាក់ក្នុងនោះមាន១-ឈ្មោះឈឹម ឌីណា (ស្លាប់) ២-ឈ្មោះជា ៣-ឈ្មោះថេង ៤-ឈ្មោះរិទ្ធ និង៥-ឈ្មោះសំណាង បានជិះម៉ូតូ២គ្រឿងចេញពីភូមិបុសទី ឃុំក្រែក ស្រុកពញាក្រែក ប្រដាប់ទៅដោយដាវគ្រប់ដៃ លុះពេលជិះផុតភូមិកញ្ចែរ ឃុំកក់ ស្រុកពញាក្រែក ក៏បាននាំគ្នាត្រឡប់មកក្រោយវិញ ។
ពេលក្រុមក្មេងទំនើងទាំង៥នាក់ ជិះម៉ូតូត្រឡប់មកដល់ភូមិកញ្ចែរវិញក៏បានឈប់ម៉ូតូហើយយកដាវមកភ្ជង់បុរសឈ្មោះប៉ុល ចំរើន និងម្នាក់ទៀតដែលកំពុងតែអង្គុយលេងនៅខាងមុខផ្ទះ ទើបបណ្តាលឱ្យកើតមានជម្លោះតែម្តង ។ ដោយមានការវាយគ្នាទៅវិញទៅមកធ្វើឱ្យយុវជនឈ្មោះឌីណា ត្រូវរបួសជាច្រើនកន្លែងរហូតដល់ស្លាប់ និង២នាក់ទៀតរងរបួសម្នាក់ឈ្មោះវន សំណាង អាយុ២០ឆ្នាំ រស់នៅភូមិបុសទី ឃុំក្រែក ស្រុកពញាក្រែក ត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងម្នាក់ទៀតឈ្មោះចំរើន ត្រូវរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះនៅប្រទេសវៀតណាម។ ករណីប្រទូស្តរ៉ាយគ្នានេះសមត្ថកិច្ចជំនាញស្រុកកំពុងតែធ្វើការស្រាវជ្រាវបន្ត ៕
ចែករំលែកព័តមាននេះ