ខេត្តសៀមរាប ៖ ក្រុមយុវជន និងយុវតីជាង៣រយនាក់ មកពីតាមបណ្ដាខេត្ដផ្សេងៗ និងរាជធានីភ្នំពេញ បាននាំគ្នាជិះកង់នៅតំបន់ទេសចរណ៍អង្គរ ដើម្បីរៃអង្គាសប្រាក់ ជួយឧត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ឬពេទ្យកុមារជ័យវរ្មនទី៧ ព្រមទាំងដើម្បីសុខភាព បរិស្ថាន និងបង្ហាញពីការសាមគ្គីភាពគ្នាផងដែរ ។
ការដង្ហែក្បួនជិះកង់នេះធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ឧសភា ២០១៥ ក្នុងក្រុងសៀមរាប ដោយដង្ហែចេញពីចំណុចផ្សារសាមគ្គីកាត់តាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាបឆ្ពោះទៅកាន់តំបន់ប្រាសាទអង្គរវត្ដ ។
អ្នករៀបចំកម្មវិធីលោក គីម ប៊ុនថាន់ ប្រាប់កោះសន្តិភាពនៅកន្លែងហែក្បួនជិះកង់នោះថា ក្រុមយុវជន និងយុវតីទាំងនោះមកពីតាមបណ្ដាខេត្ដផ្សេងៗដូចជា ខេត្ដសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ ដោយពួកគេបានចំណាយថវិកាផ្ទាល់ខ្លួនរបស់គាត់។
លោកបន្តថា ក្នុងព្រឹត្ដិការណ៍ជិះកង់ដង្ហែក្បួននេះ គឺដើម្បីរៃអង្គាសប្រាក់ផ្ដល់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងបង្ហាញពីសាមគ្គីភាព ព្រមទាំងដើម្បីបរិស្ថាន និងសុខភាពផងដែរ។ លោក គីម ប៊ុនថាន់ បញ្ជាក់ទៀតថា ថវិកាដែលបានមកពីសប្បុរជន និងការជិះកង់ទាំងនេះ សល់ពីចំណាយ លោកនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ឬមន្ទីរពេទ្យកុមារជ័យវរ្មនទី៧៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ