រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ផ្សារថ្មីទី១នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានសហការជាមួយប្រជាពលរដ្ឋឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់កាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី០៣ ឧសភា ២០១៥ នៅផ្ទះលេខ១២២E0 ផ្លូវលេខ១៣៦កែង៦៧ ភូមិទី៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ហើយបំរុងរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋតាមប្រមាញ់ និងស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ។
មន្ដ្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី១បានឲ្យដឹងថា ជនសង្ស័យឆក់កាបូបប៉ះចំថ្ងៃស៊យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះរ៉ែន ពន្លឺ អាយុ៣៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ រីឯស្ដ្រីរងគ្រោះឈ្មោះសំណាង សុភក្ដិ អាយុ២៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។
យោងតាមពាក្យបណ្តឹងស្ត្រីរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ ស្ដ្រីរងគ្រោះកំពុងឈរកាន់កាបូបយួរនិយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យបានដើរមកពីមុខធ្វើសកម្មភាពឆក់ រួចហើយរត់គេចខ្លួន ។ភ្លាមៗនោះស្ដ្រីរងគ្រោះបានស្រែកឆោឡោឡើង និងរត់ទៅប្រាប់អ្នករត់ម៉ូតូឌុបជួយអន្តរាគមន៍ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់នគរបាលមូលដ្ឋាន និងចេញជួយអន្ដរាគមន៍ចាប់បានវាយមួយដៃមួយជើងម្នាក់ឡើងទ្រមខ្លួន ។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដកកាបូបរបស់ស្ដ្រីរងគ្រោះ ដែលមានលុយ៦០ម៉ឺនរៀល ៨០ដុល្លារ និងទូរស័ព្ទសាំសុងមួយគ្រឿងប្រគល់ឱ្យជនរងគ្រោះវិញ៕
ចែករំលែកព័តមាននេះ