រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដោយសារតែដឹងថា នារីជាសង្សារចង់បែកចិត្ត ខំរត់ទៅទិញទឹកអប់យកទៅឱ្យបំណងលួងចិត្ត ត្រូវនារីសង្សារ និងម្តាយស្រែកចោទថា ជាចោរឆក់ទូរស័ព្ទ និងកាបូបលុយ ធ្វើឱ្យប្រជាពលរដ្ឋឡោមព័ទ្ធចាប់វាយយ៉ាងដំណំ កុំតែបានប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មី ចុះទៅអន្តរាគន៍ទាន់ កុំអីក្ស័យជីវិតបាត់ទៅហើយ ។
ហេតុការណ៍នេះ បង្កឱ្យមានភាពភ្ញាក់ផ្អើលកាលពីរវេលាម៉ោង០៨ និង៤៥នាទីយប់ថ្ងៃទី២៣ មេសា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ខាងកើតសាកលវិទ្យាល័យ IU ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា បុរសដែលត្រូវគេចោទថាចោរនោះមានឈ្មោះសេង លី អាយុ៣៥ឆ្នាំ បានអះអាងថា ខ្លួនជាមន្ត្រីប៉ូលិសម្នាក់នៅក្រសួងមហាផ្ទៃ ស្នាក់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ ចំណែកនារីជាសង្សារឈ្មោះទូច ធីតា អាយុ១៩ឆ្នាំ ជាមេការហាងផឹកស៊ី «តារារីករាយ» ស្នាក់នៅផ្ទះជួលម្តុំកើតហេតុខាងលើ និងម្តាយឈ្មោះទូច ស្រីធំ អាយុ៥២ឆ្នាំ ជាអ្នកលក់អីវ៉ាន់ចាប់ហួយនៅសង្កាត់វាយវង់ ខណ្ឌ៧មករា ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះសេង លី បានអង្គុយរៀបរាប់ទាំងការឈឺចាប់ថា ការពិតគាត់និងនារីនោះ គឺជាសង្សារនឹងគ្នាទេ ហើយគាត់និងនាងបានទាក់ទង និងរួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធរយៈពេល៣ខែមកហើយ ។ ប៉ុន្តែរយៈពេល១ខែចុងក្រោយនេះគាត់និងនាង មានរឿងរកាំរកូសឈ្លោះប្រកែកគ្នាមិនចេះចប់សោះ ដោយពេលឈ្លោះគ្នាម្តងៗ នាងចេះតែសុំគាត់បែកគ្នា រហូតពេលគាត់សួរថា មកពីររឿងអីបានចេះតែចង់បែកពីរគាត់អ៊ីចឹង តែនាងមិនព្រមប្រាប់គាត់សោះ ។
លោកបន្តថា កាលពីថ្ងៃចូលឆ្នាំខ្មែរថ្ងៃទី២ គាត់ជិះម៉ូតូទៅផ្ទះនាង បំណងយកនាងទៅដើរលេង តែនៅពេលជិះម៉ូតូទៅដល់មុខផ្ទះបែរជានាងដេញគាត់ឱ្យត្រលប់ទៅផ្ទះវិញ ទើបធ្វើឱ្យគាត់ខឹងយ៉ាងខ្លាំង ក៏កើតជាជម្លោះឈ្លោះប្រកែកគ្នាបែកផ្សែង១ប្រាវ ដោយខឹងពេក គាត់ក៏បានរត់ទៅឆក់យកកាបូបលុយរបស់នាងដែលមានលុយនៅក្នុងនោះ៤០ម៉ឺនរៀល ហើយឡើងជិះម៉ូតូត្រលប់មកដេកផ្ទះវិញ ។
គាត់បានបញ្ជាក់ថា ការពិតគាត់ឆក់យកកាបូបលុយនាង គឺគ្រាន់តែចង់ឱ្យនាងជិះម៉ូតូមកយកកាបូបនាងនៅផ្ទះរបស់គាត់វិញប៉ុណ្ណោះ តែនៅឃើញនាងមិនមក ទើប៣ថ្ងៃក្រោយគាត់បានជិះម៉ូតូយកកាបូបលុយទៅឱ្យនាងវិញទៅ ។ លុះដល់យប់កើតហេតុដោយនឹកនាងពេក គាត់ក៏បានទូរស័ព្ទទៅនាង ស្រាប់តែនាងលើកទូរស័ព្ទហើយប្រាប់គាត់ថា ឈប់ឱ្យគាត់រំខាននាងទៀតទៅហើយថែមទាំងចុចបិទទូរស័ព្ទគាត់ទៀតផង ។
ដោយសារស្រលាញ់នាងខ្លាំងពេក មិនដឹងធ្វើយ៉ាងម៉េច គាត់បានសម្រេចចិត្តជិះម៉ូតូទៅទិញទឹកអប់១ដបតំម្លៃជាង១០០ដុល្លារ យកទៅលួងលោមចិត្តនាង តែពេលជិះម៉ូតូឌុបទៅដល់មុខផ្ទះ បែរជានាងមិនព្រមចេញមកជួប ទើបធ្វើឱ្យគាត់ខឹង ក៏បានដើរចូលទៅទាញយកទូរស័ព្ទនាង បម្រុងយកមកបោកចោល តែត្រូវនាងនិងម្តាយបានស្រែកថា «ចោរឆក់ទូរស័ព្ទ» ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរឡោមព័ទ្ធចាប់គាត់វាយស្ទើរស្លាប់តែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ