រាជធានីភ្នំពេញ ៖ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្ហាញពីជំហរគាំទ្រឲ្យមានការរួបរួមគ្នា រវាងគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និង គណបក្សហ៊្វុនស៊ិនប៉ិច ដោយធ្វើរាជរដ្ឋាភិបាលមួយទាំងអស់គ្នា ដើម្បីឧត្តមប្រយោជន៍ជាតិ ។
សម្តេចក្រុមព្រះ មានបន្ទូលបែបនេះ បន្ទាប់ពីដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់គណបក្សយាងនិវត្តន៍មកពីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃតាមការយាងរបស់គណបក្សកុម្មុយនីស្តចិន កាលពីល្ងាចថ្ងៃទី២២ មេសា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន សម្តេចក្រុមព្រះបញ្ជាក់ថា បើសិនជាគណបក្សសង្គ្រោះជាតិចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ធ្វើការក្នុងរាជរដ្ឋាភិបាលនោះ ជាសិទ្ធិរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បើធ្វើបានមែននោះ ក្នុងនាមជាគណបក្សដៃគូ ព្រះអង្គសូមគាំទ្រ ។ ប៉ុន្តែយ៉ាងណា ព្រះអង្គថា នេះជាព្រះរាជបំណងរបស់អង្គសម្តេចឪ តាំងពីឆ្នាំ២០០២-២០០៣មកម្ល៉េះ ដែលទ្រង់ចង់ឲ្យមានការរួបរួមគ្នាជាកម្លាំងមហាគ្រួសារខ្មែរមួយ ដើម្បីកសាងប្រទេសជាតិ ពេលនោះលោក សម រង្ស៊ី ក៏បានឯកភាពរួចហើយដែរ តែក្រោយមកលោកបានក្រឡាស់វិញ» ។
ព្រះអង្គមានបន្ទូលទៀតថា ទាក់ទិននឹងរឿងលោក ម៉ម សូណង់ដូ ចង់បង្កើតគណបក្សប្រឆាំងថ្មីមួយទៀត ជំនួសគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានគេមើលឃើញថា មានភាពផ្អែមល្ហែមល្អូកល្អឺនជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនោះ សម្តេចក្រុមព្រះមានបន្ទូលថា នេះគឺជាសិទ្ធិរបស់ពលរដ្ឋខ្មែរម្នាក់ៗទេ ។ ប៉ុន្តែបើលោកម៉ម សូណង់ដូ ចង់ធ្វើគណបក្សប្រឆាំងមែននោះ ហើយលោក សម រង្ស៊ី ក្តី គណបក្សប្រជាជនកម្ពុជាក្តី គណបក្សហ៊្វុនស៊ិនប៉ិចក្តី ធ្វើរាជរដ្ឋាភិបាលមួយទាំងអស់គ្នា ព្រះអង្គសូមគាំទ្រពេញទំហឹង ហើយនេះជាព្រះរាជបណ្តាំចុងក្រោយរបស់សម្តេចឪ ក៏ដូចជាបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ ដែលមិនចង់ឃើញខ្មែរឈ្លោះទាស់ទែងគ្នាតទៅទៀតនោះ ។
ចំណែកលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសចិនវិញ សម្តេចក្រុមព្រះមានបន្ទូលថា ថ្ងៃដំបូងព្រះអង្គយាងដឹកនាំប្រតិភូទៅថ្វាយបង្គំគាល់សម្តេចម៉ែ និងព្រះករុណា ដែលគង់នៅព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ។ ព្រះអង្គទទួលបានដំណឹង និងមើលឃើញថា ព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពល្អ ដោយសារតែមានការមើលថែ និងការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរបស់ប្រទេសចិនជាមិត្ត ។
នៅថ្ងៃបន្ទាប់ គណៈប្រតិភូគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានអនុញ្ញាតឲ្យជួបអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងការបរទេសចិន ក្នុងពិធីពិសាអាហារសាមគ្គីរវាងគណបក្សទាំងពីរ ។ ពេលនោះគណបក្សកុម្មុយនីស្តចិន បានសម្តែងនូវការគាំទ្រចំពោះគណបក្សហ៊្វុនស៊ិនប៉ិច ពិសេសវត្តមានដឹកនាំជាថ្មីរបស់ព្រះអង្គ ។ ជាមួយគ្នានេះ ព្រះអង្គបានធ្វើសំណូមពរមួយចំនួនទៅមិត្តចិន ហើយនៅព្រឹកថ្ងៃទី២២ មេសា មុនពេលចេញដំណើរមកវិញ មិត្តចិនបានឆ្លើយតបវិញដោយភាពរីករាយ និងស្វាគមន៍ចំពោះសំណូមពរទាំងនោះ។
សម្តេចក្រុមព្រះបន្តថា ក្នុងពេលស្នាក់នៅប្រទេសចិនប៉ុន្មាថ្ងៃនោះ ព្រះអង្គបានជួបជាមួយអនុប្រធានាធិបតីចិន ខណៈលោកប្រធានាធិបតី ស៊ី ជីនពីង បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ។ យើងបានជជែកគ្នារយៈពេលជាង១ម៉ោង ហើយលោកបានគាំទ្រដែលព្រះអង្គមកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចជាថ្មី ដោយលោកមានជំនឿថា ហ៊្វុនស៊ិនប៉ិចជាដៃគូនេះនឹងទទួលបានលទ្ធផលគួរឲ្យពេញចិត្ត ។ ទន្ទឹមនោះព្រះអង្គបានជម្រាបជូនវិញថា របបរាជានិយមដែល សម្តេច ហ៊ុន សែន និងព្រះអង្គបាននាំមកវិញនេះប្រៀបដូចជាខ្លួនមនុស្សអ៊ីចឹង ត្រូវការជើង២ គឺថា ជើងមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ច្បាស់ណាស់ លោកបានគាំទ្រ ហើយជើងមួយទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានព្រះអង្គជាអ្នកដឹកនាំនេះ ហើយព្រះអង្គនឹងខិតខំកែប្រែឲ្យមានកិត្យានុភាពខ្លាំងឡើងវិញ ក្លាយទៅជាកម្លាំងជាតិ និងបូកជាមួយកម្លាំងជាតិមួយទៀត ដើម្បីដោះស្រាយបញ្ហាជាតិ ។
សម្តេចក្រុមព្រះសង្កត់ធ្ងន់ថា កន្លង មក ទោះជាព្រះអង្គមិនបានដឹកនាំគណបក្សនេះជាង៩ឆ្នាំក៏ដោយ ក៏បក្សកុម្មុយនីស្តចិនតែងតែបានជួយឧបត្ថម្ភគាំទ្រជាសម្ភារ និងជួយបណ្តុះបណ្តាលធនធានមនុស្ស ពិសេសមន្ត្រីវ័យក្មេងរបស់យើង ។ ព្រះអង្គសុំឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បញ្ជូនមន្ត្រីវ័យក្មេងទៅរៀនជាមួយគ្នានៅប្រទេសចិនដើម្បីបង្កើនធនធានមនុស្ស ៕
ចែករំលែកព័តមាននេះ