ខេត្តព្រៃវែង ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ហើយត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុក បន្ទាប់ពីត្រូវគូទំនាស់កាប់១កាំបិតបុ័ងតោចំ.កដាច់រយះហូរឈាមជោកខ្លួន ក្នុងពិធីមង្គលការរាំធុងបាស់មួយកន្លែង កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី២២ មេសា ២០១៥ ស្ថិតក្នុងភូមិកំរាង្គ ឃុំសេនារាជឩត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះរុន រិត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។ ចំណែកឯខាងជនដៃដល់មិនត្រូវស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ជាភ្ញៀវខាងកូនកំលោះដែលមកពីស្រុកពាមជរ ។
ប្រភពបន្តថា នៅថ្ងៃកើតហេតុនោះ គឺជាថ្ងៃចូលរោងដែលម្ចាស់ផ្ទះបានរៀបចំពិធីមង្គលការកូន ហើយក៏មានចាក់ធុងបាស់រាំកម្សាន្តផងដែរ ប៉ុន្តែនៅពេលរាំនោះ មានភ្ញៀវខាងកូនប្រុសដែលមកពីស្រុកពាមជរ ហើយនិងបងប្អូនខាងកូនស្រីបានរាំឌឺដងដាក់គ្នា រហូតឈានទៅដល់ការវាយតប់គ្នាទៅវិញទៅមក ដោយម្ខាងៗបានទាញយកកាំបិត និងព្រនង់ទៅធ្វើជាអាវុធផងដែរ ។
ប្រភពដដែលបន្តថា ក្នុងពេលវាយប្រតាយប្រតប់គ្នានោះ ក៏មានអ្នកចូលទៅឃាត់ភាគីជម្លោះទាំង២ដែរ ប៉ុន្តែឃាត់មិនឈ្នះរហូតដល់ជនរងគ្រោះឈ្មោះរុន រិត ដួលទៅលើដី ហើយនៅត្រង់គល់កមានស្នាមដាច់រយះដូចគេពន្លះស្បែកជ្រូក និងមានឈាមហូរជោកពេញខ្លួន ទើបក្រុមអ្នកវាយតប់គ្នាបំបែកគ្នារត់បាត់អស់ ដោយមិនដឹងថា នរណាជាអ្នកកាប់មកលើជនរងគ្រោះនោះទេ ។
ក្រោយពីកើតហេតុភ្លាម ក្រុមគ្រួសារជនរងគ្រោះក៏បាននាំយកជនរងគ្រោះទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច
ភ្លាមៗ រីឯសមត្ថកិច្ច ក៏បានទៅដល់កន្លែងកើតហេតុ កំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ៕
ចែករំលែកព័តមាននេះ