ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាពលករដែលទើបបញ្ជូនពីថៃតាមរថយន្តទ្រុងម្នាក់ ត្រូវជនមួយក្រុមព្រួតវាយដោយមិនដឹងពីមូលហេតុនៅពេលកំពុងជិះម៉ូតូឌុបចេញពីទីតាំងទទួលពលករទៅជិះរថយន្តក្រុង ក្នុងគោលដៅទៅកាន់រាជធានីភ្នំពេញ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី៩ មេសា នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះ ភា មុំ អាយុ២៧ឆ្នាំ ជាពលករ ទើបវិលត្រទ្បប់ពីខេត្តឈុនបូរី ប្រទេសថៃ មានទីលំនៅភូមិគោកខ្វិត ឃុំទន្លាប់ ស្រុកគិរីវង់ ខេត្តតាកែវ បានរងរបួសច្រមុះ ស្មងជើងខាងឆ្វេង និងដងខ្លួនដោយសារត្រូវជន៤នាក់ (ប្រុស១ស្រី៣) ព្រួតវាយធ្វើបាបពេលនាងកំពុងជិះម៉ូតូឌុបទៅរករថយន្តក្រុង ។
បុរសឈ្មោះ កុច សុផា អាយុ២៧ឆ្នាំ ជាអ្នកលក់សំបុត្ររថយន្តក្រុង ដែលដឹកជនរងគ្រោះប្រាប់ថា មានមនុស្សប្រុសស្រី៤នាក់ឈរចាំវាយស្ត្រីរងគ្រោះពេលខ្លួនកំពុងដឹកទៅទីតាំងរថយន្តក្រុង ព្រោះនាងបានទិញសំបុត្ររួចហើយ ។ ទោះជាយ៉ាងណា ក្រោយហេតុការណ៍កើតទ្បើង ជនសង្ស័យចំនួន៣នាក់ (ប្រុស១ស្រី២) ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួនយកទៅសួរនាំនៅបញ្ជាការដ្ឋាន ។
រីឯជនរងគ្រោះមុនចេញពីទីតាំងទទួលពលករទៅមូលដ្ឋានកងរាជអាវុហត្ថនិយាយថា នាងនិងក្រុមបង្កមិនដែលស្គាល់គ្នាទេ ហើយនាងថានឹងប្តឹងជនទាំងនោះពីបទប្លន់ ។
តាមព័ត៌មានចុងក្រោយនៅរសៀលថ្ងៃទី១០ មេសា ស្ត្រីរងគ្រោះប្រាប់តាមទូរស័ព្ទថារឿងរ៉ាវខាងលើក្រុមជនសង្ស័យត្រូវសមត្ថកិច្ចឱ្យធ្វើលិខិតសុំទោសនិងបង់សំណងជំងឺចិត្តឱ្យនាងចំនួន២០០០បាតប្រាក់ថៃ គិតជាប្រាក់ខ្មែរជាង២០ម៉ឺនរៀល ដោយសារភាពថា ពួកគេវាយច្រទ្បំមនុស្ស ។
ជុំវិញព័ត៌មានខាងលើ លោក ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ធាតុពិតក្រុមជនបង្កនិងជនរងគ្រោះធ្លាប់ធ្វើការជុំគ្នា និងធ្លាប់ឈ្លោះគ្នានៅឯប្រទេសថៃ ។ ដោយសារឃើញជនបង្កម្នាក់មានជំងឺហឺត លោកក៏សម្របសម្រួលឱ្យពួកគេសុំទោសគ្នាដើម្បីបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ