ខេត្តកំពង់ចាម ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវឃាតករសម្លាប់រួចយកមកទម្លាក់ចោលនៅក្រោមស្ពានបេតុងទី២ ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង០៩ និង៤០នាទីព្រឹកថ្ងៃទី២០ មេសា ២០១៥ ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ។
លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្តបានបញ្ជាឱ្យការិយាល័យបច្ចេកទេសខេត្ត សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចុះទៅធ្វើកោសល្យវិច័យ រហូតដល់វេលាម៉ោង៤រសៀលថ្ងៃដដែល នៅតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
ប្រភពបានឱ្យដឹងថា សពបុរសខាងលើ ពាក់អាវយឺតដៃខ្លី ពណ៌ស្លែ កអាវរាងអក្សរ V ស្លៀកខោខូវប៊យពណ៌ទឹកប៊ិច មានអាយុប្រហែល៣០ឆ្នាំ មិនមានវត្ថុតាងបន្សល់ទុកក្នុងហោប៉ៅឡើយ ហើយមានស្លាកស្នាមនៅក្បាលរយះដល់លលាដ៍ ។
ក្រោយពីបានពិនិត្យធ្វើកោសល្យរួច នគរបាលបច្ចេកទេសខេត្តនោះបានបង្កើតគណៈកម្មការចម្រុះមួយមានអាជ្ញាធរមូលដ្ឋានភូមិ-ឃុំចូលរួមសម្រេចបញ្ចុះចម្ងាយប្រហែល៥០ម៉ែត្រពីកន្លែងសពនោះ ។
លោកវរសេនីយ៍ត្រីសារិន ដេត មេបញ្ជាការអាវុធហត្ថស្រុកបាធាយបញ្ជាក់ថា រូបលោកបានដាក់ការសន្និដ្ឋានថា សពបុរសខាងលើនេះ ត្រូវបានគេសម្លាប់ពីកន្លែងឆ្ងាយ ហើយដឹកតាមរថយន្តមកទន្លាក់ពីលើស្ពានបេតុងមានកម្ពស់៦,៥០ម៉ែត្រ ត្រង់ផ្នែកកណ្តាលស្ពាន ដោយដំបូងត្រូវបានក្រុមក្មេងឃ្វាលពពែអ្នកឃើញ ក៏បង្កការភ្ញាក់ផ្អើលតែម្តង ។
ប្រសិនបើបងប្អូនណាដែលបានបាត់សមាជិក ដូចមានភិនភាគខាងលើនេះ សូមមកទំនាក់ទំនាងជាមួយនឹងសមត្ថកិច្ចមូលដ្ឋាន។
ចែករំលែកព័តមាននេះ