ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានក្លាយខ្លួនជាអ្នកទោសព្រោះតែយកទឹកអាស៊ីតចាក់លើប្តីដោយសារតែខឹងប្តីមានស្រី។ ករណីនេះកើតឡើងកាលពីវេលាមោង១១ និង៣២នាទីយប់ ថ្ងៃទី១៨ មេសា នៅចំណុចភូមិចាក់កាំបិត ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ស្ត្រីដែលយកទឹកអាស៊ីតជះលើប្តីមានឈ្មោះអិន សុផល អាយុ៥២ឆ្នាំ ចំណែកប្តីរងគ្រោះឈ្មោះបិច ចន្ថា ភេទប្រុស អាយុ៥២ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំកើតហេតុខាងលើ។ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដៃដល់បានឆ្លើយសារភាពថាមូលហេតុដែលគាត់ក្លាយខ្លួនទៅជាបែបនេះដោយសារតែខឹងនឹងលោកប្តីពូកែមានស្រីញីខាងក្រៅផ្ទះមិនសូវគិតគូរជួយរកស៊ីនោះទេ។
ស្ត្រីដៃដល់បន្តថា គាត់មិនចង់ធ្វើបែបនេះទេ តែបើមិនធ្វើបែបនេះលោកប្តីកំហូចរបស់គាត់មិនភ្ញាក់ខ្លួននោះទេ។ បើទោះជាគាត់ក្លាយខ្លួនជាអ្នកទោសក្តីក៏គាត់មិនតូចចិត្តដែរ ហើយគាត់សុខចិត្តទទួលទោសចំពោះអ្វីដែលគាត់បានធ្វើ។ លោកវរសេនីយ៍ត្រី ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឱ្យដឹងថា ករណីនេះជនរងគ្រោះមិនបានប្តឹងនោះទេ។ ពេលនេះកំពុងតែរៀបចំឯកសារសម្របសម្រួលគ្នាតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ