ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចេញ​ដីកាឃុំខ្លួន​ប៉េ​អឹ​ម​៦​នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​បា.ញ់​ឡាន​ដឹកស្រូវ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មានការ​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ស្តី​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​លើ​ករណី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មានការ​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ស្តី​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​លើ​ករណី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង លើកគ្នា​ដេញ​បាញ់ និងចាប់​ជាន់ក​អ្នក​បើករថយន្ត​ដឹកស្រូវ ប្រៀប​ដូច​ជា​ចាប់​ឧក្រិដ្ឋជន ព្រមទាំង​វាយដំ ។

សន្និសីទ​សារព័ត៌មាន​នេះ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​មាន​សមាសភាព​លោក​ឧត្តមសេនីយ៍ឯក ស៊ិ​ន សុ​ផា​ន្នី មេបញ្ជាការ​រង និង​ជា​នាយ​ស្នងការ​យុត្តិធម៌ ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច លោក​វរសេនីយ៍ឯក គង់ ស​ត្ថា​រិ​ន នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក គង់ ឈឿ​ន នាយ​រង​ការិយាល័យ​បុគ្គលិក លោក​វរសេនីយ៍ឯក គី មក​រា ជំនួយការ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​វរសេនីយ៍ទោ ឆាយ សូ​គា នាយ​រង​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស លោក​វរសេនីយ៍ត្រី ភុល សា​មុត នាយ​ផ្នែក​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ត្រី ចាន់ វិ​តូ នាយ​ផ្នែក​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ត្រី ភឿន ភ​ទ្ទ​មុនី នាយ​ផ្នែក​បទល្មើស​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ទោ ស អេ​ង នាយ​រង​ការិយាល័យ​អធិការកិច្ច ។

លោក​ឧត្តមសេនីយ៍ឯក ស៊ិ​ន សុ​ផា​ន្នី បាន​ថ្លែង​ឱ្យ​ដឹង​ថា ក្រោយ​ពី​រឿងហេតុ​កើតឡើង នៅ​យប់​ថ្ងៃ​ទី​១៩ មីនា ២០១៥ នៅ​ចំណុច​ភូមិ​ធ្នង់ ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដោយសារ​វា​មានការ​ពាក់ព័ន្ធ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ ដែល​បាន​រួម​ប្រតិបត្តិការ​នា​យប់​នោះ ហើយ​សារព័ត៌មាន​ក៏​បាន​ចុះ​ផ្សាយ​ពី​ហេតុការណ៍​នោះ​ដោយ​មាន​ទាំង​រូបភាព​ផង  ពេល​នោះ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឱ្យ​រូប​លោក​រៀបចំ​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ជា​បន្ទាន់ ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ និង​ដើម្បី​ស្វែងរក​ការ​ពិត ព្រោះ​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ គឺ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ក្នុង​នោះ​ផង ។ ក្រោយ​ពី​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​ករណី​នេះ​ចាប់ពី​ថ្ងៃ​ទី​២៣ មីនា រហូត​ដល់​ថ្ងៃ​ទី​៣ មេ​សា ទើប​ចប់ និង​បាន​រាយការណ៍​ជូន​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃ​ទី​៩ មេ​សា ហើយ​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ដោយ​មាន​បទបញ្ជា​ពី​លោកនាយ​ឧត្តមសេនីយ៍ មេបញ្ជាការ​ឱ្យធ្វើ​សន្និសីទកាសែត​ជា​បន្ទាន់ ព្រោះ​សំណុំរឿង​នេះ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​មជ្ឈដ្ឋាន​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។

លោក​ថ្លែង​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ទី​១​និយាយ​ពី​អង្គហេតុ គឺ​នៅ​ថ្ងៃ​ទី​១៩ មីនា ២០១៥ វេលា​ម៉ោង​៩​យប់ មាន​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​១​គ្រឿង​ចេញពី​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែល​មាន​គោលដៅ​ទៅ​ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង យក​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម ។

អ្នកបើកបរ​រថយន្ត​យី​ឌុ​ប​នេះ​ឈ្មោះ ណេ​ន ស៊ី​ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ឈ្មោះ ធឿ​ន ណេ​ប ហៅ​ម៉ៅ អាយុ​២០​ឆ្នាំ ជា​ព្រូ​រថយន្ត ។ លោក ស៊ិ​ន សុ​ផា​នី្ន បន្ត​ថា រថយន្ត​យី​ឌុ​ប​ដឹកស្រូវ បាន​ឆ្លងកាត់​ស្រុក​ចំការលើ មក​ដល់​ចំណុច​ជញ្ជីង​ត្រើង​ក៏​បាន​ឈប់ ហើយ​ចូល​បង់លុយ​ទៅ​ទីនោះ ប៉ុន្តែ​មិន​បាន​ចូល​ថ្លឹង​រថយន្ត​ទេ រួច​បើក​បន្ត​តាម​ផ្លូវជាតិ​លេខ​៧​បត់​ថ្នល់កែង ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​១១ ជួបនឹង​ក្រុម​ជញ្ជីង​ចល័ត ចំណុច​គីឡូម៉ែត្រ​លេខ​៨៩ ក្នុង​ចំណុច​ភូមិ​ស្លា ក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ពេល​នោះ​សមត្ថកិច្ច​ជញ្ជីង​ក៏​ឃាត់​ឱ្យ​ឈប់ តែ​រថយន្ត​នោះ​មិន​បាន​ឈប់​ទេ ក៏​បើក​បន្ត​ទៅ​ទៀត ហើយ​ក៏​មាន​រថយន្ត​កាម​រី​២​គ្រឿង​របស់​ក្រុម​ជញ្ជីង​ដេញ​តាម​ពីក្រោយ ។ ពេល​ដែល​ដេញ គឺ​ក្រុម​ជញ្ជីង​បាន​ទូរស័ព្ទ​ទៅ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូ​រាំង​ឪ ដើម្បី​សុំ​ឱ្យ​កម្លាំង​សហការ ព្រោះ​រថយន្ត​នោះ​មិន​ព្រម​ឈប់​ចូល​កន្លែង​ជញ្ជីង​ចល័ត ។ ពេល​ទូរស័ព្ទ​គឺ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ដែល​នៅ​ជាមួយ​ក្រុម​ជញ្ជីង​ចល័ត​ប្រាប់​ថា រថយន្ត​ដឹកស្រូវ​នោះ​ពេល​បើក​មក​ដល់​មុខ​វត្ត​ស្រែ​ស្ពៃ ក៏​ជួប​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​របស់​ប៉ូលិស ហើយ​ក៏​មិន​ឈប់​ទៀត​និង​បើក​កៀ​បារាស់​ដួល និង​បើករថយន្ត​ដល់​ចំណុច​ភូមិ​ស្វាយ​សុ​ធ​ម ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ បាន​បុក​រថយន្ត​កាម​រី​១​គ្រឿង​ដែល​ចត​ស្តាំ​ដៃ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ខ្ទាត​រថយន្ត​កាម​រី​នោះ​ប៉ះ​លើ​មនុស្ស​២​នាក់​ឱ្យ​រង​របួស គឺ​ឈ្មោះ ស្រុ​ន ភា​រិ​ទ្ធ ម្ចាស់​រថយន្ត​របួសស្រាល និង​ឈ្មោះ អុ​ិ​ត ច​ន្ថា មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ របួសធ្ងន់ រួច​បើករថយន្ត​ទៅ​មុខ​ទៀត ។

មន្ត្រី​ដដែល​បន្ត​ថា ពេល​នោះ​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​បើក​រត់ ទើប​មេបញ្ជាការ​ស្រុក​អូរ​រាំង​ឪ លោក​វរសេនីយ៍ត្រី វ៉​ន ពឿ​ន យក​អាវុធ​អាកា​១​ដើម​ចេញពី​រថយន្ត​ស៊ី​រ៉ែ​ន របស់​កងរាជអាវុធហត្ថ​ឡើង​ជិះ​រថយន្ត​ស៊ី​រ៉ែ​ន​របស់​ប៉ូលិស​ស្រុក​អូរ​រាំង​ឪ ដេញ​តាម​រថយន្ត​នោះ ។ រថយន្ត​ប៉ូលិស​បើក​តាម​ពីក្រោយ ហើយ​រថយន្ត​កងរាជអាវុធហត្ថ​បើក​ពីក្រោយ​ទៀត ដូច្នេះ​សរុប​ទៅ​មាន​រថយន្ត​៤​គ្រឿង​ដែល​ដេញ​តាម ។ ក្នុង​ពេល​ដេញ រថយន្ត​ប៉ូលិស​ស្រុក​អូរ​រាំង​ឪ និង​អាវុធហត្ថ​បាន​បើក​ស៊ី​រ៉ែ​ន​វ៉ា​រថយន្ត​ដឹកស្រូវ​ឃាត់​ឱ្យ​ឈប់ តែ​រថយន្ត​នោះ​អត់​ឈប់​ទេ បាន​បើក​រេ​ពេញ​ផ្លូវ ទើប​មេបញ្ជាការ​ស្រុក​អូរ​រាំង​ឪ​ដែល​ជិះ​ក្នុង​រថយន្ត​ស៊ី​រ៉ែ​ន​ប៉ូលិស​យក​កាំភ្លើង​អាកា​បាញ់​ឡើង​លើ​ចំនួន​៣​លើក ១​លើក​ៗ៣​គ្រាប់  នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរ​រាំង​ឪ​នោះ ដើម្បី​ឃាត់​ឱ្យ​រថយន្ត​ដឹកស្រូវ​ឈប់ តែ​រថយន្ត​នោះ​មិន​ឈប់​ទេ ។ ដោយសារ​ផុត​ពី​ភូមិសាស្ត្រ​ស្រុក​អូរ​រាំង​ឪ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​បាន​ទូរស័ព្ទ​ទៅ​លោក​ឧត្តមសេនីយ៍​មេបញ្ជាការ​រង​ម្នាក់​ថា រថយន្ត​នោះ​មិន​ឈប់​ទេ ថែម​ទាំង​មាន​ចេតនា​បំ​បុក​រថយន្ត​សមត្ថកិច្ច​ទៀត ។

ពេល​សុំ​គោលការណ៍​បាញ់​ប្រធាន​ស្នាក់​ការ​ឯកភាព​ឱ្យ​បាញ់​ឡើង​លើ ដើម្បី​ឃាត់​អី​ុ​ចឹ​ង​មាន​អាវុធហត្ថ​ដែល​នៅ​ខាងក្រោយ​ក៏​លើក​កាំភ្លើង​ចេញ​ក្រៅ​បម្រុង​បាញ់ តែ​ត្រូវ​រថយន្ត​ដឹកស្រូវ​ជល់​គូទ​ពីក្រោយ​ខ្ទាត ផ្ទុះអាវុធ​៤-៥​គ្រាប់​។ ពេល​នោះ​រថយន្ត​ដឹកស្រូវ​មិន​ព្រម​ឈប់​ទៀត តែ​មាន​រថយន្ត​ធំ​១​គ្រឿង​មក​ពីមុខ​រថយន្ត​សី​ុ​រ៉ែ​ន​របស់​សមត្ថកិច្ច ធ្វើ​ឱ្យ​រថយន្ត​ដឹកស្រូវ​ទៅ​មុខ​លែង​រួច បង្ខំចិត្ត​ឈប់​នៅ​ចំណុច​ភូមិ​ធ្នង់ ឃុំ​ជី​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

ពេល​ឈប់​ភ្លាម​កម្លាំង​នៅ​លើ​រថយន្ត​ស៊ី​រ៉ែ​ន​បាន​ចុះ​ទៅ​ទាញ​ព្រូ​រថយន្ត​ឱ្យ​ចុះ ហើយ​កងរាជអាវុធហត្ថ​ដែល​កាន់​កាំភ្លើង​បាន​បាញ់​មួយ​គ្រាប់​ឡើង​លើ​ទៀត ។ ពេល​ព្រូឡាន​ចុះ​មក​មានការ​ប្រវាយប្រតប់​គ្នា ពេល​នោះ​តែ​ម្ដង ហើយ​រថយន្ត​សី​ុ​រ៉ែ​ន​មក​ដល់​បន្តបន្ទាប់​មាន​រថយន្ត​ប៉ូលិស​ស្រុក​អូ​រាំង​ឪ រថយន្ត​កងរាជអាវុធហត្ថ​ស្រុក​អូរ​រាំង​ឪ រថយន្ត​បា​ឡែ​ន​ដែល​តាម​ពីក្រោយ ក៏​បាន​វាយដំ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ម្ចាស់​រថយន្ត​និង​ព្រូ​ធ្វើ​ឱ្យ​មាន​របួស​ស្នាម​ពេញ​ខ្លួន ដូចដែល​សារព័ត៌​មានបាន​ចុះ​ផ្សាយ​កន្លង​មក ហើយ​បាន​ចាប់​ចងដៃ​ចងជើង​ដូច​ជ្រូក​ជាន់​ក្បាល ។ ក្រោយមក​ពេល​ចាប់​បាន​ហើយ​ក៏​ខាង​អាវុធហត្ថ​ស្រុក​អូរ​រាំង​ឪ លើក​ជន​ទាំង​២​នាក់​ដឹក​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ហើយ​កងកម្លាំង​ក៏​បាន​ដក​ទៅ​គោលដៅ​រៀងខ្លួន​វិញ ។

លោក​ឧត្តមសេនីយ៍ ស៊ិន សុ​ផា​ន្នី មេបញ្ជាការ​រង និង​ជា​នាយ​ស្នងការដ្ឋាន​បាន​រៀបរាប់​អង្គហេតុ​ជា​ហូរហែ​ដោយ​មិន​លម្អៀង​ទៅ​ខាង​ភាគី​ណា​ឡើយ ។ លោក​បន្ត​ថា គណៈកម្មការ​ចំពោះ​កិច្ច​ស្រាវជ្រាវ​រក​ការ​ពិត ឱ្យ​ដឹង​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ ហើយ​បាន​រាយការណ៍​ទៅ​មេបញ្ជាការ​សម្រេច ។

គណៈកម្មការ​បាន​ជួប​ភាគី​ទាំង​សងខាង​សួរ​យក​ចម្លើយ​ដោយ​មិន​មានការ​គាបសង្កត់​ខាង​ណា​ទេ ហើយ​គណៈកម្មការ​នេះ​មាន​តួនាទី​សាកសួរ​ប្រមូល​ព័ត៌មាន​តែ​ប៉ុណ្ណោះ ។ ក្រោយ​ពី​ប្រមូល​ព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ​ហើយ បាន​រាយការណ៍​ជូន​មេបញ្ជាការ ទើប​នៅ​ថ្ងៃ​ទី​៩ មេ​សា លោកនាយ​ឧត្តមសេនីយ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឱ្យ​ឃាត់ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ជា​ជន​ដៃដល់​ចំនួន​៦​នាក់​ដែល​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នកបើកបរ​រថយន្ត និង​ព្រូ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តព្រៃវែង ក្នុង​នោះ ៖
១-​លោក​វរសេនីយ៍ត្រី វ៉​ន ពឿ​ន មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរ​រាំង​ឪ (​ជាន់​ក្បាល​អ្នកបើកបរ​) ។
២-​លោក​អនុសេនីយ៍ត្រី ស្រ៊ុ​ន បូ​រ៉ា នាយ​កងរាជអាវុធហត្ថ​ស្រុក​អូរ​រាំង​ឪ ។
៣-​លោក​ពលបាលទោ កង ចិ​ត្រា នាយ​កងរាជអាវុធហត្ថ​ស្រុក​អូ​រាំង​ឪ ។
៤-​លោក​អនុសេនីយ៍ឯក យិ​ន ទ្បា​ង ប្រធាន​ស្នាក់​ការ​សន្តិសុខ​៨០៨​ខេត្តព្រៃវែង ។
៥-​លោក​ពលបាលទោ វួ​ន សុ​ភី នាយ​កងរាជអាវុធហត្ថ ស្នាក់​ការ​៨០៨​ខេត្តព្រៃវែង ។
៦-​លោក​ពលបាលទោ ផូ វិរាម នាយ​កងរាជអាវុធហត្ថ ស្នាក់​ការ​៨០៨​ខេត្តព្រៃវែង ។

ក្នុង​នោះ​មាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង និង​ត្បូងឃ្មុំ ត្រូវ​បាន​ដាក់​វិន័យ​កងកម្លាំង និង​ឱ្យ​សរសេរ​ជា​លាយ​ល័ក្ខណ៍​អក្សរ​ជូន​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។

លោក ស៊ិ​ន សុ​ផា​ន្នី បញ្ជាក់​ជា​ចុង​ក្រោយ​ថា មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តព្រៃវែង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។
តាម​ប្រភព​ព័ត៌មាន​ពី​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា មន្ត្រី​ប៉េ​អឹ​ម​៦​នាក់​ដែល​ត្រូវ​នាំ​ខ្លួន​ទៅ​តុលាការ​នោះ​នា​វេលា​ល្ងាច​ថ្ងៃ​ទី​១០ មេ​សា ត្រូវ​បាន​តុលាការ​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ហើយ ។

អ្នកកាសែត​ត្រូវ​បាន​តុលាការខេត្ត​ហាម​ផ្តាច់​មិន​ឱ្យ​ចូល​យក​ព័ត៌មាន​នេះ​ទេ​៕​