ខេត្តត្បូងឃ្មុំ ៖ រថយន្តធុនយក្ស១គ្រឿងប្រភេទយីឌុប ដឹកជំនៀរឈើពេញដែលគេស្គាល់ថា ជារបស់លោកឧកញ៉ាល្បីល្បាញខាងជំនួញឈើ មានទីលំនៅក្នុងស្រុកអូរាំងឪ បានខូចនៅលើថ្នល់ជាតិលេខ៧ ត្រង់ទឹកដីភូមិបេង ឃុំដារ ស្រុកមេមត់ រយៈពេល៤ទៅ៥ថ្ងៃហើយមិនដែលត្រូវបានគេសង្ស័យថា មានបង្កប់ឈើប្រណីតពីខាងក្រោមផងដែរ ។
តាមអ្នករត់ការរថយន្តដឹកឈើខាងលើឈ្មោះ នី ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៩ មេសា ២០១៥ នេះថា ឈើចំនួន១រថយន្តនេះ គាត់បានទៅទិញពីក្រុមហ៊ុនក្នុងស្រុកមួយនៅខេត្តរតនគិរី ជារបស់លោកឧកញ៉ាម្នាក់ មានផ្ទះនៅស្រុកអូររាំងឪ ក្នុងតំលៃ៣៥០ដុល្លារ ដើម្បីយកទៅលក់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដូចសព្វមួយដង ។
អ្នករត់ការឈើជាស្ត្រីខាងលើបានប្រាប់បន្តថា ស្របពេលដែលរថយន្តនេះ បើកមកដល់ត្រង់ភូមិបេង ឃុំដារ ស្រុកមេមត់ ក៏ស្រាប់តែខូចរថយន្តចំនួន៤ទៅ៥ថ្ងៃហើយ មិនទាន់ជួសជុលរួចទៀត ។ ប្រសិនបើឈើនេះ ដឹកយកទៅលក់ដល់គោលដៅនោះ នឹងអាចលក់បានចំនួនប្រហែល២.០០០ដុល្លារផងដែរ ក្រោយពីបានផាត់ថ្លៃរត់ការតាមផ្លូវអស់ប្រហែល២០០ដុល្លារ គាត់អាចចំណេញនៅសល់លុយ១លានរៀល ហើយថា នៅពីក្រោមមិនមានបង្កប់ឈើប្រណីតនោះទេ ។
តាមប្រភពក្រៅផ្លូវការបានលួចខ្សឹបប្រាប់ឲ្យដឹងថា នៅពេលយប់ស្ងាត់រថយន្តដឹកឈើរបស់លោកឧកញ៉ាម្នាក់នៅស្រុកអូររាំងឪ ចេញមកទាំងខ្សែបន្តគ្នាពេលមកដល់ ស្ថានីយជញ្ជីងថ្នល់ទទឹង ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំនោះ កម្រឃើញចូលថ្លឹង ភាគច្រើនទៅបង្ហួស ដោយមានមេការបស់លោកឧកញ៉ារត់ការជាមួយនឹងជញ្ជីនោះ គឺ OK តែម្តង ។
ចំណែកសមត្ថកិច្ចបានប្រាប់ឲ្យដឹងដែរថា រាល់ថ្ងៃនេះនៅស្រុកមេមត់ មានឃ្លាំងស្តុកឈើប្រណីតជិត១០កន្លែងដូចជា ១-ឈ្មោះដេត ២-ឈ្មោះតក ៣-ឈ្មោះឈឿន ៤-ឈ្មោះបុត្រ ៥-ឈ្មោះយោ ៦-ឈ្មោះភាព រួមនឹងអ្នកល្បីៗជាច្រើនទៀត សុទ្ធសឹងជាក្រុមឈ្មួញដុះស្លែ ។
សូមបញ្ជាក់ថា នៅពេលណាដែលឈើប្រមូលពីការដឹកតាមរថយន្តតូចៗមកពីតាមបណ្តាខេត្តផ្សេងៗ បានច្រើនហើយនោះ គេនឹងឲ្យរថយន្តសាំងយ៉ុងដឹកបន្តចេញទៅលក់នៅទីផ្សារព្រំដែន ជាប់ប្រទេសវៀតណាមនៅពេលយប់ស្ងាត់។ កន្លងទៅថ្មីៗនេះ មានឃ្លាំងស្តុកឈើមួយនៅស្រុកមេមត់ ត្រូវបានរដ្ឋបាលព្រៃឈើចុះទៅបង្ក្រាប ដោយលេចឮថា គ្រាន់តែប្រមូលឈើបានបន្តិចប៉ុណ្ណោះ ក៏ដកថយទៅវិញ សង្ស័យត្រូវថ្នាំសណ្តំរបស់ឈ្មួញទេដឹង ។ រាល់ពេលយប់ថ្ងៃនៅស្រុកមេមត់ មានរថយន្តតូចធំដឹកឈើឆ្លងកាត់ ដោយស្ថាប័នហាក់បីដូចជាងាប់ត្រកៀកស្តូកតែម្តង ៕
ចែករំលែកព័តមាននេះ