ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍នាវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី០៨ មេសា ២០១៥ នេះថា បុរសម្នាក់ដោយសារតែប្រើគ្រឿងញៀនច្រើនពេក (បែកថ្នាំ) បានបង្កហិង្សាក្នុងគ្រួសារដោយចាប់ប្អូនស្រីម្នាក់ដែលកំពុងមានផ្ទៃពោះវាយយ៉ាងដំណំ លុះត្រូវប្តីរបស់ប្អូនស្រីខឹង ក៏បានប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ។ ខណៈសមត្ថកិច្ចចុះមកចាប់ខ្លួន ត្រូវបុរសខាងលើចាប់កូនស្រីដែលមានអាយុ២ឆ្នាំធ្វើជាចំណាប់ខ្មាំង និងបានយកសាំងមកគំរាមចាក់ដុតទាំងខ្លួន កូន និងផ្ទះទៀតផង ។
ដែលហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៨ មេសា ២០១៥ នេះ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខណៈបានចាប់កូនស្រីធ្វើចំណាប់ខ្មាំងរហូតមកដល់វេលាម៉ោងនេះ ។
ប្រភពបានឱ្យដឹងថា បុរសរូបនោះឈ្មោះប៊ូ រ័ត្នសំណាង ហៅទៀង អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ មានប្រពន្ធ និងកូនស្រីម្នាក់អាយុ២ឆ្នាំ តែប្រពន្ធបានចុះចោលពីផ្ទះបាត់ ។ គួរបញ្ជាក់ថា បុរសខាងលើគឺជាមនុស្សញៀនថ្នាំ និងតែងតែបង្កហិង្សាក្នុងគ្រួសារជាញឹកញាប់ ហេតុដូច្នេះហើយទើបប្រពន្ធចុះចោលផ្ទះ ។
បច្ចុប្បន្នគេឃើញលោកនួន សាន ព្រះរាជអាជ្ញាសាលាដំបូង និងលោកអភិបាលក្រុងបាត់ដំបង រួមទាំងសមត្ថកិច្ចជាច្រើននាក់កំពុងតែធ្វើការលួងលោម និងព្យាយាមសម្របសម្រួល ដើម្បីរំដោះកូនស្រីចេញមកវិញ ។ តែលទ្ធផលយ៉ាងណានោះ គេនៅពុំទាន់ដឹងនោះទេ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ