រាជធានីភ្នំពេញ ៖ ជាងបាញ់ថ្នាំរថយន្តម្នាក់ប៉ងលោតសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យ ដោយសារតែតូចចិត្តនិងវាសនាខ្លួន រស់នៅគ្មានឪពុកម្តាយនឹងគេ មានតែប្អូន២នាក់ រស់នៅក្នុងមណ្ឌលកុមារកំព្រា ។ ហេតការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ ក្នុងសង្កាត់បឹងសាឡា ខណ្ឌទួលគោក ។
ជាមួយគ្នានោះជនរងគ្រោះត្រូវបានអ្នកឃើញហេតុការណ៍ នាំគ្នាជួយអន្តរាគមន៍ចាប់ឃាត់បានទាន់ពេលវេលា កុំអីលោតពីលើស្ពានខាងលើច្បាស់ជាមានគ្រោះថ្នាក់ជាក់ជាមិនខាន ។
យុវជនប៉ងលោតសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យនោះឈ្មោះរ៉េង សុជាតិ មានអាយុ១៩ឆ្នាំ ជាជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅម្តុំបឹងត្របែក បានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនគេមានប្អូន២នាក់ ម្នាក់អាយុ១១ឆ្នាំ និងម្នាក់ទៀតអាយុ២ឆ្នាំ ហើយត្រូវបានម្តាយរត់ទៅតាមប្រុសថ្មី ប្រមាណជា២ខែទៅហើយ ហើយឪពុកបានទៅធ្វើការនៅប្រទេសថៃ៣ឆ្នាំទៅហើយ មិនឃើញត្រឡប់មកវិញ ដោយមានការពិបាកពេកខ្លួនបានយកប្អូនៗទៅដាក់ផ្ញើគេនៅមណ្ឌលកុមារកំព្រា នៅខេត្តកណ្តាល ដែលជាទីកន្លែងកំណើតរបស់ខ្លួន ។
យុវជនកំសត់បានបន្តរៀបរាប់ទៀតថា ដោយមានការតូចចិត្តណាត្រូវរកលុយចិញ្ចឹមប្អូនៗ ហើយធ្លាប់រស់នៅមានម្តាយឪពុក បែរជាគ្មាន ជាការបាត់បង់ទីពឹង ជីវិតតែលតោល ក៏សម្រេចចិត្តឡើងមកភ្នំពេញធ្វើជាជាងបាញ់ថ្នាំរថយន្ត ។ ប៉ុន្តែនៅវេលាខាងលើយុវជន រ៉េង សុជាតិ គិតយូៗទៅ ក៏លែងចង់រស់ បានដើរមកប៉ងលោតពីលើស្ពានសម្លាប់ខ្លួនតែម្តងទៅ ៕
ចែករំលែកព័តមាននេះ