ខេត្តរតនគិរី ៖ សពសិស្សសាលានៅព្រៃវែងម្នាក់ទៅលេងរតនគិរី លង់ទឹកស្លាប់ក្នុងបឹងយក្សឡោមត្រូវបានសមត្ថកិច្ចរុករកឃើញហើយនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥នេះ ។ហើយសពសិស្សស្រីខាងលើត្រូវបានសមត្ថកិច្ចឲ្យរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តបង្អែកខេត្តរតនគិរី ដើម្បីរងចាំក្រុមគ្រួសារទៅទទួលយកធ្វើបុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ថាសិស្សស្រីម្នាក់ទៅដើរលេងកម្សាន្តជាមួយជីដូននៅខេត្តរតនគិរី បានលង់ទឹកស្លាប់ ខណៈដើរតាមមាត់បឹង ក៏រអិលជើងធ្លាក់ចូលបឹងយក្សឡោម ។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២និង៤០នាទីរសៀលថ្ងៃទី០៧ មេសា ២០១៥ នៅចំណុចបឹងយក្សឡោម ស្ថិតក្នុងសង្កាត់បឹងយក្សឡោម ក្រុងបានលុង ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ក្មេងស្រីរងគ្រោះឈ្មោះ ស្រី ធា អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រៃព្នៅ រស់នៅក្នុងភូមិ-ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។
សេចក្តីរាយការណ៍បានបន្តថា មកដល់ម៉ោង៣និង៥០នាទីរសៀលថ្ងៃអង្គារដដែលនេះ សាកសពមិនទាន់បានត្រូវរាវរកឃើញនៅឡើយទេ ដោយសមត្ថកិច្ចចម្រុះដឹកនាំដោយស្នងការនគរបាលខេត្តបាននិងកំពុងចាត់កម្លាំងជាច្រើនមុជរាវរក ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ