ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗក្នុងបន្ទប់សម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខណៈដែលស្ត្រីរងគ្រោះរូបនោះត្រូវបានប្តីដឹកបញ្ជូនមកគ្លីនិកយីហោ កែវ ចិន្តា នៅទល់មុខផ្សារត្រែងត្រយឹង បន្ទាប់សម្រាលកូនហើយធ្លាក់ឈាមឥតឈប់ ។
ស្ត្រីដែលស្លាប់ចោលកូន និងប្តីមានឈ្មោះហុង ឡេង អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅជាមួយប្តីឈ្មោះទេព សាក់ អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិរំដួលថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមសម្តីរបស់ប្តីស្ត្រីរងគ្រោះបាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៦ មេសា ២០១៥ ប្រពន្ធរបស់គាត់បានឈឺពោះឆ្លងទន្លេ ហើយលោកក៏បញ្ជូនមកសម្រាលនៅគ្លីនិកឯកជនមួយដែលមានយីហោ កែវ ចិន្តា ហើយរហូតមកដល់ម៉ោង១២ថ្ងៃត្រង់ ក៏សម្រាលកូន ប៉ុន្តែស្ថានភាពរបស់ប្រពន្ធលោកមិនប្រក្រតី ដោយធ្លាក់ឈាមរហូត គាត់ក៏បញ្ជូនបន្តមកព្យាបាល និងសង្គ្រោះជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែរហូតមកដល់ម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០៧ មេសា ២០១៥ ប្រពន្ធរបស់លោកក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត ។
បើតាមសម្តីរបស់អ្នកគ្រូពេទ្យប្រចាំការនៅក្នុងមន្ទីរពេទ្យបង្អែកបាននិយាយឱ្យដឹងថា ស្ត្រីខាងលើ គឺបានស្លាប់ពិតប្រាកដមែន ប៉ុន្តែគឺបញ្ជូនមកពីគ្លីនិកយីហោ កែវ ចិន្តា នៅម្តុំផ្សារត្រែងត្រយឹង ដោយអាការធ្លាក់ឈាមខ្លាំងពេក ទើបបញ្ជូនមក ប៉ុន្តែជួយសង្គ្រោះមិនបាន ក៏ដាច់ខ្យល់ស្លាប់បាត់ទៅ ។
បច្ចុប្បន្នសពស្ត្រីរងគ្រោះកំពុងតម្កល់នៅក្នុងសាលមន្ទីរពេទ្យបង្អែកខេត្តរង់ចាំសាច់ញាតិមកទទួលយក ដើម្បីទៅធ្វើបុណ្យ ។ ពាក់ព័ន្ធនឹងករណីគ្លីនិក កែវ ចិន្តា សម្រាលកូនហើយម្តាយស្លាប់នេះ អ្នកយកព័ត៌មានមិនអាចសុំការបកស្រាយពីម្ចាស់គ្លីនិកបានទេ ៕
ចែករំលែកព័តមាននេះ