ខេត្តបាត់ដំបង ៖ លំនៅឋានដែលធ្វើពីថ្ម និងឈើប្រក់ក្បឿងមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់ កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី០៥ មេសា ២០១៥ ស្ថិតនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ បន្ទាប់ពីម្ចាស់ផ្ទះជួបជុំបងប្អូនជប់លៀងសែនឆេងម៉េងរួចរាល់កាលពីថ្ងៃ តែគ្មានអ្នកដឹងពីមូលហេតុពិតប្រាកដ ដែលបង្កឱ្យមានអគ្គិភ័យនេះទេ រាប់ទាំងម្ចាស់ផ្ទះផង។
មន្ត្រីពន្លត់អគ្គិភ័យដែលបានចុះអន្តរាគមន៍បានឱ្យដឹងថា លំនៅឋានដែលត្រូវភ្លើងឆេះធ្វើពីថ្មក្រោម ឈើលើ និងប្រក់ក្បឿងនោះ មានទំហំ៧ គុណ៨ម៉ែត្រ ដែលមានម្ចាស់ឈ្មោះនួ ថិន ប្រុសអាយុ៥២ឆ្នាំ ។ មន្ត្រីដដែលថា មិនមានប្រភពច្បាស់លាស់អះអាងអំពីមូលហេតុដែលនាំឲ្យមានអគ្គភ័យនេះកើតឡើងនោះទេ ។ តាមការបំភ្លឺពីអ្នកភូមិថា អគ្គិភ័យនោះបានផ្ដើមចេញពីក្នុងផ្ទះបាយផ្នែកខាងក្រោយ ខណៈម្ចាស់ផ្ទះ២នាក់ ប្ដី-ប្រពន្ធកំពុងដេកលង់លក់នៅក្នុងដំណេក ។
សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះអស់ទាំងស្រុងនូវទ្រព្យសម្បត្តិនានាដែលនៅក្នុងផ្ទះ លើកលេងតែស្រូវប៉ុន្មានការ៉ុង និងគោយន្តកន្ត្រៃមួយគ្រឿងប៉ុណ្ណោះ ដែលអ្នកភូមិជួយសង្គ្រោះបាន ក្រៅពីនេះក្លាយជាផេះទាំងអស់ ។
គេមិនអាចសាកសួរម្ចាស់ផ្ទះទាំង២នាក់ ប្ដីប្រពន្ធនោះបានទេពេលកំពុងកើតហេតុ ដោយសារតែពួកគាត់ភ័យរន្ធត់ពេកសន្លប់បាត់ស្មារតីជាញឹកញ៉ាប់ ដែលតម្រូវឲ្យអ្នកភូមិជួយសង្គ្រោះពួកគាត់ផង ជួយពន្លត់ភ្លើងផង និងជួយរំដោះទ្រព្យសម្បត្តិគាត់ចេញពីផ្ទះផង។
បុរសម្នាក់ដែលបានឃើញហេតុការណ៍នេះបាននិយាយថា ដំបូងគាត់បានឃើញអណ្ដាតភ្លើងបានឆាបឆេះយ៉ាងខ្លាំងចេញពីបន្ទប់ផ្ទះបាយនៅខាងក្រោយ ហើយវាបានឆេះឆ្លងដល់ផ្ទះទាំងមូលភ្លាមៗតែម្ដង។ គាត់និយាយថា គ្រានោះម្ចាស់ផ្ទះដែលមានតែ២នាក់ប្ដីប្រពន្ធ សំរានលក់មិនទាន់ដឹងទេ រហូតមានការភ្ញាក់ផ្អើលខ្លាំងពីអ្នកភូមិ ទើបម្ចាស់ផ្ទះភ្ញាក់ហើយបើកទ្វារត់ចេញក្រៅ។
សាក្សីនានាសុទ្ធតែបានឃើញអំពីចំនុចចាប់ផ្ដើមនៃការឆេះ តែមិនមានអ្នកណាបានដឹងអំពីមូលហេតុទេ សូម្បីតែម្ចាស់ផ្ទះក៏មិនអាចសុំការបំភ្លឺបានដែរ។ អ្នកភូមិនិយាយថា ក្រោយពីដឹងថាផ្ទះរបស់ខ្លួនត្រូវភ្លើងឆេះ ម្ចាស់ផ្ទះទាំង២នាក់ប្ដីប្រពន្ធស្ទះដង្ហើមបាត់ស្មារតីភ្លាមរំពេច ហើយត្រូវបានអ្នកភូមិជួយនាំចេញពីកន្លែងកើតហេតុ ដើម្បីសង្គ្រោះ ខណៈអ្នកភូមិជាច្រើនបានចូលជួយរំដោះស្រូវ និងគោយន្តកន្ត្រៃមួយគ្រឿងចេញពីក្នុងផ្ទះ។ អ្នកភូមិបញ្ជាក់ថា នៅរសៀលថ្ងៃកើតហេតុ គេឃើញគ្រួសារនេះបានជួបជុំបងប្អូនជប់លៀងសែនឆេងម៉េងនៅក្នុងផ្ទះ លុះពេលយប់ក៏មានអគ្គិភ័យកើតឡើងតែម្ដង។ គេនូវមិនទាន់ដឹងថា អគ្គិភ័យដែលឆេះចេញពីផ្ទះបាយនោះ បណ្ដាលមកពីមូលហេតុអ្វីនោះទេ។
មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ពេលដែលរថយន្តពន្លត់អគ្គិភ័យចុះទៅដល់គឺលំនៅឋានខាងលើនេះ ត្រូវអគ្គិភ័យឆាបឆេះស្ទើរអស់ទាំងស្រុងទៅហើយ។ មន្ត្រីដដែលថា អ្នកភូមិជាច្រើនបានដងទឹកពាងជួយពន្លត់ តែមិនអាចធ្វើឲ្យអគ្គិភ័យនោះថមថយបានទេ ដោយសារតែលំនៅឋាននេះខ្ពស់ ដែលគេមិនអាចជះទឹកដល់ ដូច្នេះហើយទើបអ្នកជួយពន្លត់ជួបការលំបាក។
រីឯរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចក៏បានប្រើប្រាសទឹកអស់ច្រើនឡានដែរ តែហូសពេលទៅហើយដោយសារអគ្គិភ័យនោះឆេះលឿនពេក។ គេនូវមិនទាន់ដឹងអំពីទំហំនៃការខាតបង់ គិតជាទឹកប្រាក់អស់ប៉ុន្មាននោះទេ ព្រោះបើតាមប្រភពព័ត៌មានថា រហូតមកដល់ព្រឹកថ្ងៃទី០៦មេសា គេនៅមិនទាន់សាកសួរម្ចាស់បាននៅឡើយទេ៕
ចែករំលែកព័តមាននេះ