រាជធានីភ្នំពេញ៖ស្ត្រីបម្រើការនៅខារ៉ាអូខេម្នាក់ ដោយសារតែមានក្តីអាណិតអ្នករត់ម៉ូតូឌុបជាម៉ូយរបស់ខ្លួនបានឲ្យខ្ចីទូរស័ព្ទដៃស៊េរីទំនើប១គ្រឿងយកទៅបញ្ជាំ ដើម្បីដោះស្រាយការខ្វះខាតរបស់អ្នករត់ម៉ូតូឌុប ។ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តប្រៀបបីដូចជាធ្វើល្អជាមួយសត្វក្រពើ បែរជាអ្នករត់ម៉ូតូឌុបគេចខ្លួនចំនួន៤ខែ តែចៃដន្យត្រូវជនរងគ្រោះប្រទះជួបនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ នៅជិះខារ៉ាអូខេមួយ តាមបណ្តោយផ្លូវ២៦៥ កែងផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ជនរត់ម៉ូតូឌុបជើងល្អម្នាក់នេះមានឈ្មោះលឹម ណារិទ្ឋ អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ត្រូវបានស្ត្រីជនរងគ្រោះនាំខ្លួនទៅប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ទឹកល្អក់៣ ចាត់ការទៅតាមផ្លូវច្បាប់ភ្លាមៗផងដែរ ។
ប៉ុន្តែនៅពេលទៅដល់ប៉ូលិសប៉ុស្តិ៍ខាងលើ ក៏មានការសម្របសម្រួលគ្នា និងដោយសារខ្លាចជាប់ពន្ឋនាគារ ក៏បានយកម៉ូតូម៉ាកវ៉េវទៅបញ្ជាំចំនួន២៥០ដុល្លាសងទៅជនរងគ្រោះ ដែលខ្លួនបានស៊ីដាច់ទូរស័ព្ទដៃម៉ាកអាយហ្វូនស៊ិច ហ្គោល១គ្រឿង ។ទោះបែបណាជនរងគ្រោះត្រូវបង្ខំចិត្តយកទាំងសៅហ្មងចិត្ត ព្រោះថាបើមិនយកមានតែអត់ ។ ជាមួយគ្នានោះ ព្រោះតែត្រូវរ៉ូវគ្នាសងទៅលើជនរងគ្រោះទើបបានប៉ូលិសមិនធ្វើការឃាត់ខ្លួន អ្នករត់ម៉ូតូឌុប ដោយដោះលែងឲ្យទៅផ្ទះយ៉ាងរំផាយផាត់ ៕
ចែករំលែកព័តមាននេះ