រាជធានីភ្នំពេញ ៖ គ្រាន់តែរយៈពេល១ម៉ោងសោះមានករណីក្រុមជនសង្ស័យចេញឆក់កាបូប និងប្លន់យកម៉ូតូចំនួន២កន្លែងផ្សេងគ្នា ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគាត់ ជាក់ស្តែងជនបរទេសម្នាក់ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូប បានដោយសុវត្ថិភាពនៅវេលាម៉ោង១និង១០នាទីអាធ្រាត្រ ។ស្រាប់តែនៅម៉ោង២និង១០នាទីទាបភ្លឺមានករណីក្រុមក្រុមចោរប្រដាប់អាវុធភ្ជង់ប្លន់យកម៉ូតូMSXមួយគ្រឿង ដោយសុវត្ថិភាពទៀត ខណៈបុរសរងគ្រោះត្រឡប់មកពីទទួលបងស្រីចេញពីធ្វើការ នៅចំណុចវត្តវយូវង្ស បម្រុងនិងបត់ចូលផ្ទះក៏ត្រូវក្រុមងងឹតភ្ជង់យកដោយមិនរំខានដល់សមត្ថកិច្ចតែម្តង ។
យ៉ាងណានោះជាញយដងក្រុមអ្នកយកព័ត៌មាន មានការពិបាកចុះយកព័ត៌មាននៅក្នុងទឹកដីខណ្ឌចំការមន ខណៈសមត្ថកិច្ចហាក់មានអាថ៌កំបាំង ជាមួយក្រុមអ្នកកាសែត មិនដូចជាតាមខណ្ឌនានានោះទេ ឲ្យតែព័ត៌មានលោកប៉ូលិសមិនដែលចិត្តអាក្រកជាមួយអ្នកកាសែតនោះទេ ។
គួរបញ្ជាក់ថានៅវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ខែមេសាឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ៣០២ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន មានករណីឆក់កាបូបជនបរទេសម្នាក់បានដោយសុវត្តិភាព ខណៈដែលជនបរទេសរងគ្រោះដើរថ្មើរជើងមកជិតដល់កន្លែងស្នាក់នៅហើយក៏ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកបានធ្វើសកម្មភាពឆក់យកកាបូបពីជនបរទេសនោះហើយជិះគេចខ្លួនបាត់ដោយសុវត្តិភាព ។ ប៉ុន្តែជនបរទេសដែលរងគ្រោះនោះត្រូវបានសមត្ថកិច្ចឲ្យចូលទៅក្នុងផ្ទះភ្លាមៗដោយកុំទាន់ទៅដាក់ពាក្យបណ្ដឹងអីខ្លាចអ្នកយកព័ត៌មានផ្ដិតយករូបភាពទៅចុះផ្សាយ ហើយសមត្ថកិច្ចប្រាប់ឲ្យជនរងគ្រោះចាំព្រឹកចាំទៅដាក់ពាក្យបណ្ដឹង ហើយសមត្ថកិច្ចបានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់អស់តែម្តង ។
បើយោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិបានចុះផ្សាយកាលពីថ្ងៃទី២២ខែមិនាឆ្នាំ២០១៥ នូវប្រសាសន៍លោកនាយឧត្ដមសេនីយ៍ផ្កាយ៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានធ្វើការព្រមានយ៉ាងធ្ងន់ៗដល់មន្ត្រីក្រោមឱវាទ គ្រប់ស្នងការ អធិការ និងកម្លាំងនគរបាលដែលទទួលខុសត្រូវតាមទីតាំងនិងមូលដ្ឋានទាំងអស់អាចនឹងប្រឈមការដកដំណែង បើសិនមានការថ្វេសប្រហែសបណ្ដាលឲ្យមានករណីប្លន់ប្រដាប់អាវុធកើតមានដោយគ្មានការទទួលខុសត្រូវខាងសន្តិសុខសុវត្តិភាពទេនោះ ៕
ចែករំលែកព័តមាននេះ