ខេត្តប៉ៃលិន ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំរៀង ខេត្តបាត់ដំបង បានចាប់ឃាត់ខ្លួនជនសង្ស័យជាចោរជនជាតិថៃម្នាក់ ឆ្លងដែនមកលួចម៉ូតូនៅទឹកដីខ្មែរតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូ កាលពីព្រឹកថ្ងៃទី៣១ មីនា ២០១៥ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ការចាប់ឃាត់ខ្លួនជនជាតិថៃនេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ មីនា ២០១៥ ស្ថិតក្នុងភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយត្រូវសមត្ថកិច្ចបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន ឈ្មោះ ឆ័យ យ៉ានុត ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិប៉ានយ៉ក ឃុំមឿង ស្រុករ៉ាក់យ៉ង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ហ៊ុយ ប៊ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ ជាយោធា រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ហើយម៉ូតូដែលជនសង្ស័យលួចម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1A-6503 ។
បើតាមប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យជាជនជាតិថៃខាងលើដើរចេញចូលតាមច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ជារៀងរាល់ថ្ងៃ និងសង្ស័យថា ជាមនុស្សញៀនថ្នាំ មានសាក់រូបពេញខ្លួនតាំងពីក្បាលរហូតដល់ចុងជើង ហើយក្នុងមួយថ្ងៃៗ ដើរពីកន្លែងមួយទៅកន្លែងមួយបម្រុងនឹងលួចម៉ូតូ និងទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋរស់នៅក្បែរនោះផងដែរ ។
ប្រភពដដែលបានបន្តថា ចោរឆ្លងដែនរូបនេះបានមកស្នាក់នៅភូមិផ្សារព្រំ អស់រយៈពេលជាងមួយឆ្នាំមកហើយ ។ ប៉ុន្តែរូបគេចេញចូលចុះឡើងពីថៃមកខ្មែរជាញឹកញាប់ លុះនៅថ្ងៃកើតហេតុ ជនសង្ស័យរូបនេះបានប្រទះឃើញម៉ូតូជនរងគ្រោះ១គ្រឿងចាក់សោទុកចោលនៅមុខផ្ទះ ឆ្លៀតឱកាសមិនឃើញម្ចាស់ក៏ធ្វើសកម្មភាពកាច់ក.លួចតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ពេលលួចរួចហើយ ជនសង្ស័យខាងលើបានជិះម៉ូតូមកទិសខាងកើតបាត់ស្រមោល ។ បន្ទាប់ពីបាត់ម៉ូតូ ភ្លាមៗនោះម្ចាស់ក៏ដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថខេត្ត ទើបសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើការចាប់ឃាត់ខ្លួនបាននៅស្រុកកំរៀងខេត្តបាត់ដំបងតែម្តង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ