ការធ្វើដំណើរដោយរថយន្តដែលគួរតែឱ្យទុកចិត្តបានគឺជាភាពចាំបាច់សម្រាប់មនុស្សជាច្រើន ។ ការរក្សាសម្ពាធខ្យល់កង់រថយន្តទាំងបួនគ្រាប់ក្នុងលក្ខខណ្ឌល្អនឹងធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តចំពោះរថយន្តរបស់អ្នកជាមួយនឹងការបើកបរដោយសុវត្ថិភាព ។ យោងតាមទីភ្នាក់ងាររដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិក(NHSTA) បញ្ជាក់ថា កង់រថយន្តដែលមានសម្ពាធខ្យល់ធូរ ឬមិនត្រឹមត្រូវគ្រប់តាមបទដ្ឋានគឺមានន័យថា២០%វាអាចនាំមកនូវស្ថានភាពគ្រោះថ្នាក់ ។
ខាងក្រោមនេះជាគុណវិបត្តិនៃការបើកបររថយន្តទាំងធូរកង់ ៖
ក-ប៉ះពាល់ដល់ចង្កូត
សម្បកកង់ដែលមានសម្ពាធខ្យល់ទាបមិនអាចរក្សាទ្រង់ទ្រាយរបស់ខ្លួនបានឡើយ ។ មួយវិញទៀតសម្បកដែលធូរទៅជាសំប៉ែត ឬធូររហូតឥតខ្យល់ស្របពេលកង់រថយន្តវិលហើយខ្នង ឬយ៉ាន់កង់ក៏នឹងឡើងកោងឬវៀចផងដែរ។ ហើយការសឹករបស់សម្បកក៏មិនស្មើរគ្នាខណៈសម្ពាធខ្យល់ទាបបែបនេះ ។ លទ្ធផលនេះបាននាំឱ្យអាយុកាលរបស់សម្បកកាន់តែខើចទៅៗហើយថែមទាំងអាចបង្កជាបញ្ហានៅពេលជាន់ហ្វ្រាំងលើផ្ទៃផ្លូវមានសំណើមទៀតផង។ តាមទិន្នន័យពីអង្គភាពខាងលើ(NHSTA) បង្ហាញថា រយៈចម្ងាយនៃការជាន់ហ្វ្រាំងបញ្ឈប់រថយន្តនឹងមានគម្លាត ឬអូសឆ្ងាយជាងធម្មតាលើផ្ទៃផ្លូវសើមនៅពេលកង់រថយន្តមានសម្ពាធខ្យល់ទាបឬធូរ ។
កត្ដាទាំងនេះហើយដែលនាំឱ្យភាពកាច់ចង្កូតស៊ីមានកម្រិតទាបហើយកង់រថយន្តបាត់បង់សមត្ថភាពផ្ទុកទម្ងន់ប្រកបដោយផាសុកភាព។ ម្យ៉ាងទៀតការបាត់បង់ម្ចាស់ការលើចង្កូតនឹងបណ្ដាលឱ្យរថយន្តជួបគ្រោះថ្នាក់ ។ ដូច្នេះសម្ពាធខ្យល់កង់រថយន្តទាបនឹងនាំឱ្យសម្បកកង់ខូចជាមិនខាន ។
ខ-ភាពឡើងកម្ដៅ
ភាពឡើងកម្ដៅកើតមានឡើងនៅផ្ទៃខាងក្នុងសម្បកកង់ដែលធូរឬមានសម្ពាធខ្យល់មិនគ្រប់គ្រាន់នោះ ។ សម្បកអាចប្រតិបត្តិការជាមួយនឹងការកើនឡើងនៃកម្ដៅជាងនេះទៅទៀតកម្ដៅខ្លាំងហួសកម្រិតនឹងបង្កឱ្យមានគ្រោះថ្នាក់ជាមិនខាន ។ សរុបមកគឺសម្បកមានសម្ពាធខ្យល់កម្រិតទាបនឹងឡើងកម្ដៅខ្លាំងឡើងៗហើយបង្កជាការផ្ទុះកង់ក៏មានដែរ ។
គ-ការផ្ទុះសម្បកកង់
សម្បកកង់រថយន្តដែលធូរគឺឆាប់នាំឱ្យផ្ទុះខ្លាំងណាស់ដោយសារសកម្មភាពបុកទម្លុះនៅក្នុងកង់ ។ ការផ្ទុះកង់មុខអាចបណ្ដាលឱ្យរថយន្តអ្នករេចង្កូតចេញពីចំណែកផ្លូវឬធ្លាក់ស្នាមភ្លោះក៏ថាបាន ។ ចំណែកការផ្ទុះកង់ក្រោយវិញអាចនាំឱ្យរថយន្តអ្នកវិលខ្ញាល់ដូចកន្ដេះឡង់ក៏មានដែរ ។
ដោយសារតែចង្កូតពុំមានលំនឹងក្នុងអំឡុងពេលផ្ទុះទើបអ្នកបាត់បង់ម្ចាស់ការជាមួយនឹងចលនារបស់រថយន្ត ។
ចំពោះរថយន្តខ្នាតធំដូចប្រភេទVan និងSUV នឹងមានហានិភ័យខ្ពស់ជាមួយនឹងការក្រឡាប់ ខណៈពេលសម្បកកង់ណាមួយផ្ទុះ ៕
ចែករំលែកព័តមាននេះ