ខេត្តត្បូងឃ្មុំ ៖ រហូតមកដល់ល្ងាចថ្ងៃទី៧ មីនា ២០១៥ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណក្រុមចោរប្លន់ប្រដាប់អាវុធចំនួន២នាក់ដែលបានធ្វើសកម្មភាពស្ទាក់ប្លន់អាជីវករលក់មាសប្តូរប្រាក់នៅផ្សារសួង ត្រង់ចំណុចមុខផ្ទះ ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង បានមាស និងផ្លាកទីន៥គីឡូក្រាម ព្រមទាំងប្រាក់ចំនួន៣០លានរៀលផងដែរ ។
តាមប្រភពពីមន្ត្រីនគរបាលខេត្តត្បូងឃ្មុំមួយរូបបានឲ្យដឹងថា ជារៀងរាល់ព្រឹកស្ត្រីឈ្មោះ តាំង លីម អាយុ៣៩ឆ្នាំ រួមជាមួយប្តីតែងតែចេញពីផ្ទះយកគ្រឿងអលង្ការទៅលក់នៅផ្សារក្រុងសួង រហូតដល់ពេលល្ងាចទើបត្រឡប់មកផ្ទះវិញដោយមិនដែលមានបញ្ហាណាមួយកើតឡើងឡើយ ។
ប្រភពដដែលបានបន្តថា លុះវេលាម៉ោង៥ល្ងាច ថ្ងៃទី១ មីនា កន្លងទៅពួកគាត់ទាំង២នាក់បានជិះម៉ូតូ១គ្រឿងចេញពីផ្សារដើម្បីត្រឡប់មកលំនៅឋាន ខណៈដល់មុខផ្ទះទៅហើយស្រាប់តែមានជនសង្ស័យក្រុមចោរប្លន់២នាក់ជិះម៉ូតូ១គ្រឿង ធុនC 125 ពណ៌ខ្មៅតាមពីក្រោយមកស្ទាក់ រួចមានម្នាក់បានទាញកាំភ្លើងខ្លីពីចង្កេះមកភ្ជង់បាញ់គំរាម១គ្រាប់ ហើយបានដណ្តើមយកកន្ត្រកដាក់គ្រឿងអលង្ការ ក្នុងនោះមានមាស ប្លាទីនសរុបប្រមាណ៥គីឡូក្រាម លុយខ្មែរ៣០លានរៀល ប្រាក់ដុល្លារចំនួន៨០០ដុល្លាររួចជិះម៉ូតូគេចទាំងប្រញាប់ទៅបាត់តែម្តង ។
ក្រោយពីមានហេតុការណ៍នេះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់លំនៅឋានជនរងគ្រោះ ដោយបានសួរនាំសាក្សីដឹងថា ជនដែលមានកាំភ្លើងខ្លីបាញ់ប្រហារនោះពាក់អាវដៃខ្លីក្រឡាក្រហម សំបុរស្រអែម ។ ជាមួយនោះលោកឧត្តមសេនីយ៏ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត បានចាត់ឲ្យជំនាញចុះស្រាវជ្រាវរហូតមដល់ល្ងាចថ្ងៃទី៧ មីនា ត្រូវបានលោកវរសេនីយ៍ត្រី ឈន សុធន់ អធិការនគរបាលក្រុងសួងបញ្ជាក់ថា បានស្គាល់អត្តសញ្ញាណក្រុមចោរទាំងនោះហើយ ហើយកំពុងតែកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
លោកសង្ឃឹមថា មិនយូរទេ ឧក្រិដ្ឋជនក្រុមចោរប្លន់ពិតជារត់មិនរួចពីសំណាញ់ច្បាប់ឡើយ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ