រាជធានីភ្នំពេញ ៖ និស្សិតនារីជនជាតិខ្មែរអ៊ិស្លាមម្នាក់បានអះអាងថា ដោយសារតូចចិត្តខ្លួនឯងដែលវិទ្យាស្ថានផ្តាច់អាហារូបករណ៍ និងអត់ទីជម្រកក៏បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែត្រូវបានកម្លាំងនគរបាលឃាត់ទាន់ ។
ការប៉ុនប៉ុងសម្លាប់ខ្លួននេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ នៅលើស្ពានជ្រោយចង្វារចាស់ផ្នែកកខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
និស្សិតដែលគិតខ្លីប៉ងលោតទឹកសម្លាប់ខ្លួននោះមានឈ្មោះយ៉ា រ៉ស់ ភេទស្រី អាយុ២០ឆ្នាំ ជានិស្សិតវិទ្យាស្ថានមួយស្នាក់នៅផ្ទះជួលផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន និងមានស្រុកកំណើតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមនគរបាលការពារស្ពានជ្រោយចង្វារបានឱ្យដឹងថា នៅមុនពេលកើតហេតុនិស្សិតរូបនោះបានជិះម៉ូតូម៉ាកឆាលីមួយគ្រឿងធ្វើដំណើរឡើងស្ពានជ្រោយចង្វាក្នុងទិសដៅពីលិចទៅកើត ។ នៅពេលជិតដល់កណ្តាលស្ពានក៏បានឈប់ ហើយតោងបង្កាន់ដៃស្ពានប្រុងលោតទឹកសម្លាប់ខ្លួន ។ ដោយឃើញដូច្នេះ កម្លាំងនគរបាលដែលប្រចាំការនៅស្ពានបានស្ទុះទៅចាប់ឃាត់ខ្លួនបញ្ជូនមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច និស្សិតអ៊ិស្លាមរូបនោះបានឱ្យដឹងថា មូលហេតុដែលនាងពុំចង់រស់ដោយសារតែពិបាកចិត្ត ដែលសាលាផ្តាច់អាហារូបករណ៍ ហើយអ្នកដែលឱ្យប្រាក់ជួលស្នាក់នៅរៀនសូត្រក៏បានផ្តាច់លែងឱ្យទៀត ។
និស្សិតរូបនោះបានឱ្យដឹងទៀតថា នាងមានគ្រួសារមានជីវភាពក្រីក្រ ប្រមាណជាង៣ឆ្នាំមកហើយត្រូវបានបុរសម្នាក់ដែលជាអ្នកមានមុខមាត់នៅក្នុងសង្គមបានយកនាងមកភ្នំពេញរៀននៅវិទ្យាស្ថានមួយនៅម្តុំមេភ្លើង ដោយទទួលបានអាហារូបករណ៍ ។ ក្រៅពីនោះក៏មានឪពុកមាម្នាក់នៅប្រទេសកូរ៉េក៏បានជួលផ្ទះឱ្យស្នាក់នៅក្នុង១ខែ៨៥ដុល្លារ ព្រមទាំងប្រាក់មួយចំនួនទៀតរៀនសូត្រ ។
នៅពេលថ្មីៗនេះឪពុកមាលែងផ្តល់ប្រាក់ឱ្យធ្វើឱ្យនាងមានការពិបាកក្នុងជីវភាព និងអត់ទីជំរក ដោយសារពិបាកចិត្តពេកក៏បានឈប់សម្រាកប្រមាណ១សប្តាហ៍ដោយពុំបានសុំច្បាប់ ។ និស្សិតរូបនោះបានបន្តទៀតថា នៅពេលថ្មីៗនេះសាលាក៏បានផ្តាច់អាហារូបករណ៍ ធ្វើឱ្យនាងពិបាកចិត្តកាន់តែខ្លាំង ក៏គិតខ្លីជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួន តែត្រូវបាននគបាលចាប់ឃាត់ទាន់ ។
បន្ទាប់ពីសាកសួរ និងធ្វើការអប់រំរួច នគរបាលក៏បានឱ្យនិស្សិតរូបនោះត្រឡប់ទៅវិញ ៕
ចែករំលែកព័តមាននេះ