ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស៣នាក់ ក្នុង២នាក់ជាបងប្អូនបង្កើតនិងគ្នា និងម្នាក់ទៀតជាបងប្អូនជីដូនមួយ ត្រូវគេប្រទះឃើញស្លាប់ក្នុងទឹកស្រះទាំង៣នាក់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី០៦ មីនា ២០១៥ ស្ថិតនៅភូមិទ្រលោកត្បូង ឃុំភ្នលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ១-ឈ្មោះផាត សុភី អាយុ៧ឆ្នាំ ២-ផាត សុភិន អាយុ៤ឆ្នាំ ទាំង២នាក់នេះជាបងប្អូនបង្កើតនិងគ្នា មានឪពុកឈ្មោះផន សុផាត អាយុ៣២ឆ្នាំ និងម្តាយឈ្មោះសោម ម៉ៅ អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ និងម្នាក់ទៀតជាបងប្អូនជីដូនមួយឈ្មោះរុំ ពិសិដ្ឋ អាយុ៦ឆ្នាំ មានឪពុកឈ្មោះសន ម៉ៅ អាយុ៤២ឆ្នាំ និងម្តាយឈ្មោះផន សុភាន់ អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ។
ប្រភពបន្តថា តាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះជិន សាលួត ភេទស្រី ដែលមានផ្ទះក្បែរស្រះបានឱ្យដឹងថា ដំបូងគាត់បានមករែកទឹក ស្រាប់តែបានឃើញស្បែកជើង៣គូនៅជិតមាត់ស្រះ ដោយមានការសង្ស័យក្រែងមានក្មេងលង់ទឹកស្រះ ក៏បានស្រែកប្រាប់គេឯង ឲ្យជួយចុះរាវ ក៏ប្រទះឃើញសពក្មេងម្នាក់ រួចរាវបន្តទៀត ក៏ឃើញសពក្មេងចំនួន២ថែមទៀត ទើបមានការភ្ញាក់ផ្អើលឡើង ។
បើតាមការរៀបរាប់ពីឪពុកម្តាយបាននិយាយថា ពួកគាត់បានបាត់កូនៗរបស់គាត់តាំងពីម៉ោង០២និង៤០នាទីរសៀល ដោយមិននឹកស្មានថាកូនៗរបស់មកលេងក្បែរទឹកស្រះនោះទេ ។ បើតាមការពិនិត្យ និងធ្វើកោសល្យវិច័យដែលមានមន្ត្រីនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ គ្រូពេទ្យ និងអាជ្ញាមូលដ្ឋានបាននិយាយថា ក្មេងប្រុសទាំង៣នាក់ ពិតជាលង់ទឹកស្លាប់ប្រាកដមែន តាមការពិនិត្យនៅកន្លែងកើត គឺដំបូងក្មេងប្រុសអាយុ៤ឆ្នាំ អាចរអិលជើងធ្លាក់ទឹកស្រះមុន បន្ទាប់បងប្រុស២នាក់ទៀត ចុះជួយក៏លង់ជាបន្តបន្ទាប់ ព្រោះទឹកស្រះនេះ មានចំណោទខ្លាំង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ