ខេត្តសៀមរាប ៖ ក្រុមសមត្ថកិច្ចនគរបាលបានអះអាងថា យ៉ាងហោចណាស់មានភ្ញៀវទេសចរជនជាតិចិនមួយរូបបានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរទេព្យភ្លាមៗ បន្ទាប់ពីបុរសរូបនោះឡើងទៅទស្សនាប្រាសាទអង្គរវត្ត ហើយមិនប្រយ័ត្នធ្វើឱ្យរអិលធ្លាក់ទាំងកម្រោលពីលើកាំជណ្តើរថ្នាក់ទីមួយនៃប្រាសាទបុរាណនេះ ។
នារសៀលថ្ងៃអាទិត្យទី០១ កុម្ភៈ ២០១៥ នេះ លោកឧត្តមសេនីយ៍ត្រី ម៉ាន់ ឈឿន នាយករងនៃអគ្គនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌទទួលបន្ទុកអង្គភាពនគរបាលការពារបេតិកភណ្ឌខេត្តសៀមរាបបានប្រាបឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១០ព្រឹកម្សិលមិញ នៅត្រង់ចំណុចកាំជណ្តើរទី៥ រួតទី២ នៃប្រាសាទអង្គរវត្ត(អង្គរតូច) ដែលមានកម្ពស់ប្រហែល៨ម៉ែត្រ។
ជាមួយគ្នានោះដែរប្រធានអង្គភាពនគរបាលទេសចរណ៍សៀមរាបលោកវរសេនីយ៍ឯក សំ រស្មី បានបញ្ជាក់ថា ឧប្បត្តិហេតុនេះកើតឡើងដោយសាតែការធ្វេសប្រហែសរបស់ភ្ញៀវទេសចរជនជាតិចិននោះផ្ទាល់។ ទោះជាយ៉ាងនេះក្តីលោកមិនបានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ គ្រាន់តែប្រាប់ថា ជនរងគ្រោះជាភ្ញៀវទេសចរជនជាតិចិន ភេទប្រុស ក៏ប៉ុន្តែលោកបានអះអាងប្រាប់ពីមូលហេតុនៃឧប្បត្តិហេតុនោះយ៉ាងដូច្នេះថា«នៅពេលគាត់ឡើងទៅដល់កន្លែងកើតហេតុ ជនរងគ្រោះទំនងជាស្លុងអារម្មណ៍ជាមួយនឹងភាពអស្ចារ្យរបស់ប្រាសាទ ហើយមិនខ្វល់ពីអ្វីៗនៅជុំវិញខ្លួន គឺគិតតែពីផ្តិតយករូបភាព ជាមួយនឹងជំហានដើរថយក្រោយ មិនប្រយ័ត្នក៏រអិលជើងរមៀលធ្លាក់ទាំងកម្រោលមកខាងក្រោម បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ»។
ទោះជាយ៉ាងនេះក្តីលោកបញ្ជាក់ថា រហូតមកទល់ពេលនេះជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះឲ្យរួចផុតពីសេចក្តីស្លាប់ហើយ ហើយនៅរសៀលថ្ងៃដដែលនេះអគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធិ បានមានប្រសាសន៏ថា ករណីនេះលោកនៅមិនទាន់បានទទួលព័ត៌មាននៅឡើយទេ ក៏ប៉ុន្តែលោកបានពន្យល់ថា ចំពោះគ្រោះថ្នាក់ភ្ញៀវនៅក្នុងប្រាសាទ បើគ្រោះថ្នាក់នោះបង្កឡើងដោយថ្មប្រាសាទ ឬដើមឈើ ធ្លាក់ចំពីលើភ្ញៀវ ជាភារកិច្ចទទួលខុសត្រូវរបស់អាជ្ញាធរអប្សរា តែបើគ្រោះថ្នាក់បង្កឡើងដោយការធ្វេសប្រហែសរបស់ភ្ញៀវ ដូចជាជំពប់ជើង ឬដើររអិលជើងធ្លាក់ដោយខ្លួនឯង អាជ្ញាធមិនទទួលខុសត្រូវទេ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ