រាជធានីភ្នំពេញ ៖ បុរសជាជាងជួសជុលរថយន្តម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ មករា ២០១៥ បន្ទាប់ពីប្រើហិង្សាដកកាំភ្លើងខ្លីមួយដើមម៉ាករ៉ូឡូភ្ជង់ និងវាយទៅលើនារីម្នាក់នៅក្នុងបន្ទប់ខារ៉ាអូខេមីលីនែរ។
ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះសុខ សាន ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ចំណែកនារីរងគ្រោះឈ្មោះឌាន ចាន់ណា អាយុ២២ឆ្នាំ ជាស្ត្រីបម្រើការនៅខារ៉ាអូខេវ៉ាស៊ីនតោន ស្នាក់នៅផ្ទះជួលភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុជនដៃដល់ រួមទាំងមិត្តភក្តិប្រមាណជា១០នាក់បាននាំគ្នាធ្វើពិធីខួបកំណើតឱ្យសង្សាររបស់គេឈ្មោះពិសីដែលជាមិត្តភក្តិរបស់នារីរងគ្រោះនៅក្នុងបន្ទប់លេខ១១៨ក្នុងខារ៉ាអូខេមីលីនែរ។ លុះពេលផឹកស្រវឹង ជនដៃដល់បានដកកាំភ្លើងខ្លីដាក់លើតុ ហើយភ្ជង់គំរាមនារីរងគ្រោះ ខណៈនោះស្រាប់តែមិត្តភក្តិរបស់ជនបង្កម្នាក់ទៀតឈ្មោះសាលបានស្ទុះទៅវាយនារីរងគ្រោះបែកក្បាល។
ប្រភពបន្តថា បន្ទាប់ពីវាយនារីរងគ្រោះរួច ជនដៃដល់ និងបក្សពួកបានគិតលុយរួចចាកចេញពីបន្ទប់ខារ៉ាអូខេឡើងជិះរថយន្តទៅផ្ទះ ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថតាមចាប់ខ្លួនដល់ផ្ទះជួលបានម្នាក់ និងដកហូតរថយន្តមួយគ្រឿងម៉ាកមែរសឺដែស ពាក់ស្លាកលេខភ្នំពេញ២L១៦៦៦ ព្រមទាំងគ្រាប់កាំភ្លើងនៅក្នុងរថយន្តចំនួន៣គ្រាប់ផងដែរ ចំណែកបក្សពួកឯទៀតបានគេចខ្លួនបាត់អស់។
នៅចំពោះមុខសមត្ថកិច្ចជនបង្កបានបដិសេធថា រូបគេមិនបានដកកាំភ្លើងភ្ជង់នារីរងគ្រោះទេ នៅពេលកើតហេតុរូបគេស្រវឹងមិនដឹងអ្វីទាំងអស់ ហើយកាំភ្លើងនោះក៏មិនមែនជារបស់គេដែរ។ ទោះជាយ៉ាងណាពេលនេះ ជនបង្កត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ