រាជធានីភ្នំពេញ ៖ បុរសអ្នកជួលផ្ទះស្នាក់នៅម្នាក់ត្រូវបុរសអ្នកយាមទ្វារផ្ទះជួលនោះវាយក្បាលពីរស្នាប់កាំភ្លើងបណ្តាលឱ្យរងរបួស បន្ទាប់ពីបុរសរងគ្រោះសុំឱ្យបើកទ្វារជូនសាច់ញាតិចេញទៅក្រៅផ្ទះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី ១៨ មករា ២០១៥ នៅចំណុចផ្ទះជួល២០០បន្ទប់ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះមានឈ្មោះ ញ៉ាប សីហា អាយុ៣០ឆ្នាំ មុខរបរជាងតុទូ ស្នាក់នៅផ្ទះជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ។ ចំណែកជនបង្កមានឈ្មោះ ភា អាយុ៣៥ឆ្នាំ មុខរបរជាអ្នកយាមផ្ទះជួល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានជូនប្អូនស្រីរបស់ខ្លួនចេញទៅក្រៅផ្ទះជួល ហើយក៏បានប្រាប់ទៅជនបង្កដែលជាអ្នកយាមផ្ទះជួលថាកុំទាន់បិទទ្វាររបងសុំជូនប្អូនទៅក្រៅ បន្តិច ពេលនោះបុរសដែលជាអ្នកយាមទ្វារផ្ទះក៏បាននិយាយថាឱ្យចេញឱ្យលឿនព្រោះបន្ទាន់បិទទ្វារហើយបុរសរងគ្រោះបានតបថា << ចាំបន្តិចសិនទៅព្រោះនាងមានកូនខ្ចីត្រូវការរៀបចំសម្ភារច្រើន>>។ បន្ទាប់ពីឆ្លើយឆ្លងពាក្យសម្តីគ្នាចុះឡើងស្រាប់តែបង្កទៅជាហិង្សាវាយតប់គ្នា ដោយបុរសជាអ្នកយាមផ្ទះជួលខាងលើបានដកកាំភ្លើងបាញ់គំរាមបុរសរងគ្រោះនិងបានយកស្នាប់កាំភ្លើងវាយជនរងគ្រោះឱ្យរបួសខាងលើចិញ្ចើមផងដែរ ។
ជម្លោះខាងលើនេះបានបន្តមកដល់វេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃដដែលក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និង កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះអន្តរាគមន៍បឃាត់ខ្លួនបុរសបង្កដើម្បីយកមកសាកសួរតែម្តង។
ចែករំលែកព័តមាននេះ