រាជធានីភ្នំពេញ ៖ បុរសជាជាងជួសជុលម៉ូតូធំម្នាក់បានដេកស្លាប់នៅលើសាឡុងឈើជាន់ផ្ទាល់ដីនៅក្នុងហាងជួសជុលម៉ូតូធំមួយកន្លែងតែម្នាក់ឯង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៨ មករា នៅក្នុងហាងជួសជុលម៉ូតូធំមួយដែលមានយីហោជាងធី ផ្ទះលេខ១៥៣ ផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាជាងជួសជុលម៉ូតូជាមួយគ្នាបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះមុយ រ៉ាវុធ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានមកស្នាក់នៅ និងធ្វើជាជាងជួសជុលម៉ូតូនៅកន្លែងកើតហេតុនេះអស់រយៈពេលជាង៣ឆ្នាំមកហើយ។
មុនពេលកើតហេតុពីរទៅបីថ្ងៃ បុរសជាជាងម៉ូតូរងគ្រោះបានត្អូញប្រាប់អ្នកធ្វើការជាមួយគ្នាថា មានអាការមិនស្រួលខ្លួន ហើយក៏ត្រូវគេប្រាប់ឱ្យទៅរកទិញថ្នាំលេប។ ប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពីបានទិញថ្នាំយកមកលេបរួចហើយ ជនរងគ្រោះក៏បានធូរស្រាល និងធ្វើការងារជាធម្មតា។ លុះដល់ព្រឹកឡើងក្នុងថ្ងៃកើតហេតុនេះ ដល់ម៉ោងដែលត្រូវបើកទ្វារហើយនៅមិនទាន់ឃើញជនរងគ្រោះភ្ញាក់ក៏មានបុរសជាងជួសជុលម៉ូតូជាមួយគ្នាម្នាក់ទៅដាស់ តែជនរងគ្រោះមិនភ្ញាក់។
ពេលដែលដាស់ហើយនៅតែមិនភ្ញាក់បុរសជាជាងម៉ូតូរូបនោះក៏បានទៅទាញដៃមើលបន្ថែមទៀត ដោយមានសភាពរឹងទៅហើយទើបនាំគ្នាមានការភ្ញាក់ផ្អើលឡើង និងប្តឹងអាជ្ញាធរមូលដ្ឋានឱ្យមកត្រួតពិនិត្យ។ ក្រោយពីឆ្លងកាត់ការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យពីកម្លាំងមានសម្ថកិច្ចជំនាញរួចហើយបានឃើញថា បុរសជាជាងម៉ូតូរងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ