គ្រោងទៅមើលទីតាំងជនជាតិវៀតណាមបួងសួងលើភ្នំបូកគោ
រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានសន្យាចាត់វិធានការចំពោះជនជាតិវៀតណាម ដែលធ្វើពិធីបែបសាសនា បោះទីតាំងនៅលើភ្នំបូកគោ
រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានសន្យាចាត់វិធានការចំពោះជនជាតិវៀតណាម ដែលធ្វើពិធីបែបសាសនា បោះទីតាំងនៅលើភ្នំបូកគោ
រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានសន្យាចាត់វិធានការចំពោះជនជាតិវៀតណាម ដែលធ្វើពិធីបែបសាសនា បោះទីតាំងនៅលើភ្នំបូកគោ កន្លងមកយ៉ាងណាក្ដី ក្រុមការងារក្រសួងបានទៅពិនិត្យរួចហើយនិងបានប្រកាសថា មិនប៉ះពាល់អ្វីទេ ។ ទោះជាបែបនេះក្ដី គណៈកម្មការទី៧រដ្ឋសភា ក៏បានគ្រោងនឹងទៅពិនិត្យផ្ទាល់លើភ្នំបូកគោ នៅថ្ងៃខាងមុខនេះ ។
លោក ញ៉ែម ប៉ុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានប្រាប់កោះសន្ដិភាពតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៤ មករា ថា រូបលោកនឹងដឹកនាំប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា ទៅពិនិត្យមើលកន្លែងដែលថា ជនជាតិវៀតណាមបានធ្វើពិធីគោរពសាសនានៅលើភ្នំបូកគោ ដែលនឹងចាប់ផ្ដើមបេសកកម្មនៅថ្ងៃទី១១ ដល់ថ្ងៃទី១៤ កុម្ភៈ ខាងមុខនេះ នៅខេត្តកំពត និងខេត្តកែប ។
ទាក់ទិននឹងការសន្យាក៏ដូចជាការឆ្លើយបំភ្លឺរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មក លោក យ៉ែម ប៉ុញ្ញឫទ្ធិ បានឱ្យដឹងថា លោកមិនទាន់មានរបាយការណ៍ជាលាយលក្ខអក្សរផ្លូវការពីក្រសួងវប្បធម៌ មកដល់លោកនោះទេ ចំពោះថាជនជាតិវៀតណាមដែលតាំងពិធីបែបសាសនានៅទីនោះ ។ ប៉ុន្តែរបាយការណ៍បានចេញតាមប្រព័ន្ធផ្សព្វផ្សាយថា មិនមានការប៉ះពាល់អ្វីទេ ចំពោះជនជាតិវៀតណាមតាំងកន្លែងគោរពសាសនារបស់ខ្លួនគេនោះ ។
ចំពោះការលើកឡើងជាសាធារណៈ និងប្រព័ន្ធហ្វេសប៊ុកថា នៅលើភ្នំបូកគោមានជនជាតិវៀតណាម កំពុងគោរពសាសនារបស់ខ្លួននោះប្រធានគណៈកម្មការមិនទាន់ហ៊ានអះអាងថា យ៉ាងណានោះទេ គ្រាន់តែរង់ចាំទៅពិនិត្យនៅកន្លែងនោះផ្ទាល់តែម្ដង ដូចជាកន្លែងរមណីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងនៅទីនោះ ។ ប៉ុន្តែលោកប្រធានគណៈកម្មការទី៧ រដ្ឋសភាថា ជាគោលការណ៍ពេលដែលរដ្ឋសភាថា រដ្ឋអធិបតេយ្យមួយគួររៀបចំឱ្យមានភ្ញៀវទេសចរមកទស្សនា នៅប្រទេសរបស់ខ្លួនច្បាស់លាស់ និងរៀបចំកន្លែងសម្រាប់បង្ហាញ ពីអត្តសញ្ញាណ ផលិតផលជាតិរបស់ខ្លួន គេពុំដែលឱ្យជាតិសាសន៍ផ្សេងយកអត្តសញ្ញាណរបស់ខ្លួនទៅជំនួស ក្នុងនាមជាប្រទេសម្ចាស់នោះទេ ។
ទោះជាមានជនជាតិវៀតណាមទៅគោរពពិធីសាសនា នៅលើភ្នំបូកគោបច្ចុប្បន្ននេះក្តី លោក យ៉ែម ប៉ុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ បានគូសបញ្ជាក់ថា គឺជាសិទ្ធិសេរីភាពក្នុងការគោរពជំនឿសាសនារបស់គេមិនមែនអ្វីជាបញ្ហាចោទនោះទេ ។ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ រដ្ឋាភិបាលគួរតែមានការរៀបចំកន្លែងទេសចរណ៍ និងកន្លែងគោរពបូជានោះឲ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ មិនគួរបណ្តោយឲ្យជនជាតិគេមកធ្វើតាមតែអំពើចិត្តនោះឡើយ ។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ ឲ្យដឹងទៀតថា ក្នុងករណីដែលគណៈកម្មការទី៧រដ្ឋសភាបានចុះពិនិត្យនៅកន្លែងដែលជនជាតិវៀតណាមតាំងនៅ ឬកន្លែងសម្រាប់គោរពបូជាសាសនារបស់ជនជាតិវៀតណាម ដែលមានលក្ខណៈខុសនោះ គណៈកម្មការទី៧នឹងកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកសួរនាំជាលើកទី២ និងសួរជាបន្តបន្ទាប់ទៀតទៅតាមអ្វីដែលបានឃើញជាក់ស្តែងនៅទីនោះ ដើម្បី រកដំណោះស្រាយជូនប្រទេសជាតិ ។
ទាក់ទិននឹងការចុះមើលទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ កន្លងមកនេះ លោកយ៉ែម ប៉ុញ្ញឫទ្ធិ បានបញ្ជាក់ថា លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុវត្តអ្វីដែលលោកបានសន្យា ជាមួយគណៈកម្មការទី៧ ដូចជាបានរុះរើរោងដែកចេញ និងវាយជញ្ជាំងឃាំងដីនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យរួចរាល់អស់ហើយ ។ ប៉ុន្តែនោះសល់របងនិងខ្លោងទ្វារខាងមុខដែលត្រូវសាងសង់ឲ្យដូចរចនាប័ថ្មដើមវិញ នៅពេលការដ្ឋានសាងសង់ផ្លូវក្រោមដីរបស់ កាស៊ីណូ សាងសង់រួចរាល់នោះ ។ យ៉ាងណាក្តី លោកថាលោកនឹងតាមដានចំពោះការសន្យារបស់លោករដ្ឋមន្ត្រីកន្លងមក ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោក ជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌បានចូលបំភ្លឺនៅគណៈកម្មការទី៧នៃរដ្ឋសភា ក្នុងនោះលោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាថា វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យមិនមានការប៉ះពាល់អ្វីនោះទេ ។
ចំណែករដ្ឋមន្ត្រីក្រសួងវប្បធម៌វិញថា នឹងចាត់វិធានការចំពោះអ្នកដែលរៀបចំពិធីបែបសាសនារបស់ជនជាតិវៀតណាម នៅលើភ្នំបូកគោ ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ជាតិរបស់ខ្មែរ ។ កាលនោះលោកជំទាវបញ្ជាក់ថា យើងនឹងចាត់ឲ្យមន្ត្រីរបស់យើងចុះទៅមើលកន្លែងដែលជនជាតិវៀតណាម យកទីតាំងធ្វើជាកន្លែងគោរពបូជាសាសនារបស់ខ្លួន នៅលើភ្នំបូកគោ តែបើតាមយើងដឹងនោះ កន្លែងដែលជនជាតិវៀតណាមធ្វើនោះ ជាកន្លែងគេមានជំនឿថាស័ក្តិសិទ្ធិ ។ ប៉ុន្តែយើងនឹងទៅកន្លែងនោះផ្ទាល់ថាវាធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ជាតិខ្មែរយើងយ៉ាងណាខ្លះ។
មានការកត់សម្គាល់មួយនៅលើភ្នំបូកគោដែលមិនគប្បីអនុញ្ញាតឱ្យមានការសាងសង់វិហារមួយ ដែលមានរចនាប័ថ្មថ្មីស្រដៀងបែបវៀតណាមនៅជាប់ដងផ្លូវឆ្ពោះទៅកាស៊ីណូចាស់ និងសាងសង់ទន្ទឹមសំណង់អគារកាស៊ីណូថ្មី ។ ការឱ្យសាងសង់នោះ បានធ្វើឱ្យបាត់បង់តម្លៃវប្បធម៌ជាតិរួចទៅហើយ ។ សម្រាប់អ្នកទេសចរបរទេស ដែលឡើងទៅកម្សាន្តនៅភ្នំបូកគោ គេបានសាកសួរពីបញ្ហាវិហារបែបវៀតណាមនោះដែលមិនមែនជារចនាប័ថ្មខ្មែរ តើគប្បីទុកបែបនេះតទៅទៀត ឬយ៉ាងណា ៕
ចែករំលែកព័តមាននេះ