ខេត្តព្រៃវែង ៖ មេគោ១ក្បាលចម្លែកខុសពីសត្វគោធម្មតា គឺថាពេលដោយឈ្មោលក៏ខុសគេ ពេលកើតកូនមកក៏ខុសគេ ។ កើតកូនលោកទី១ បានកូនភ្លោះដល់ទៅ២ក្បាល ឥឡូវនេះកើតកូនលើកទី២ បានកូនភ្លោះដល់ទៅ៥ក្បាល ដោយ១ក្បាលៗទម្ងន់ទី៤ ទៅ៥គីឡូក្រាម ។
លោកអ៊ំ វ៉ន រឹម អាយុ៦៦ឆ្នាំ រស់នៅភូមិស្នាយបាង ឃុំកំពង់សឹង ស្រុកព្រះស្តេច ដែលជាម្ចាស់មេគោចម្លែកនោះបានឱ្យ «កោះសន្តិភាព» ដឹងថា គាត់បានចិញ្ចឹមមេគោកូនកាត់ចំនួន២ក្បាល ដែលមេគោ១ក្បាលកើតកូនមកម្តងបានតែ១ក្បាលដូចគោធម្មតាដទៃទៀតដែរ ចំណែកមេគោ១ក្បាលទៀតចម្លែកខុសពីមេគោដទៃទៀត ពោលគឺកើតកូនម្តងៗគឺភ្លោះរហូត ដោយកើតលើកទី១ កាលពីឆ្នាំទៅមិនចាំថ្ងៃខែទេ គឺបានកូនភ្លោះ២ក្បាល រស់១ក្បាលដល់សព្វថ្ងៃនេះ ឯ១ក្បាលទៀតងាប់តាំងពីកើតបានភ្លាមៗម៉្លេះ ។ ឥឡូវនេះ(កើតលើកទី២(ល្ងាចថ្ងៃទី៥ មករា ឆ្នាំ២០១៥) បានកូនភ្លោះដល់ទៅ៥ក្បាល តែកើតដល់ទៅ៣ដងឯណោះ លើកទី១ បាន១ក្បាល លើកទី២ បាន១ក្បាលទៀត រស់ទាំង២ក្បាល ដល់លើកទី៣ បានដល់ទៅ៣ក្បាល ប៉ុន្តែស្លាប់ទាំង៣ក្បាល ។
លោកអ៊ំ វ៉ន រឹម បានឱ្យដឹងទៀតថា ក្នុងចំណោមគោទាំង៥ក្បាលដែលកើតមកនោះ ១ក្បាលៗទម្ងន់ប្រហែល៤ ទៅ៥គីឡូក្រាម ចម្លែកតែកូនគោក្បាលទី៥ មានទម្ងន់ប្រហែលជាកន្លះគីឡូក្រាមប៉ុណ្ណោះ ។
លោកអ៊ំម្ចាស់គោក៏សូមអំពាវនាវដល់មន្ត្រីបសុពេទ្យជួយផ្តល់បច្ចេកទេស ឬសេវាកម្មផ្សេងៗ ដើម្បីជួយសង្គ្រោះដល់មេគោ និងកូនគោ២ក្បាលដែលនៅរស់របស់គាត់ផង ព្រោះពេលនេះមេគោ ក្រោយពីកើតបានកូន៥ក្បាលរួចមក ហាក់ដូចជាថយកម្លាំងខ្លាំងណាស់ ចំណែកឯកូនគោ២ក្បាលដែលនៅរស់នៅក៏មើលទៅហាក់ខ្សោយកម្លាំងណាស់ដែរ ៕
ចែករំលែកព័តមាននេះ