ខេត្តពោធិ៍សាត់ ៖ នគរបាលក្រុងពោធិ៍សាត់បានដេញចាប់ក្មេងទំនើងបានចំនួន៥នាក់ ខណៈពួកគេកំពុងដេញវាយគ្នាផ្អើលពេញផ្លូវសាធារណៈ នៅខាងមុខតុលាការខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ កាលពីវេលាម៉ោង១៨យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ។
ក្មេងទំនើងទាំង៥នាក់មានឈ្មោះ១.សុខ ចាន់ថន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពោធិ៍អណ្ដោត សង្កាត់រលាប ២.ឈ្មោះភិន ធារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិមាន់ចែ សង្កាត់រលាប ៣.ឈ្មោះខាន់ តី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិមាន់ចែ សង្កាត់រលាប ៤.កែវ សុងហេង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ និង៥.ឈ្មោះសំ ដាវីត ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិក្បាលស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។
ទាក់ទិននឹងការឃាត់ខ្លួនក្មេងទំនើងទាំង៥នាក់នេះ លោកវរៈសេនីយ៍ទោ ឈន រិទ្ធី អធិការនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ មានក្មេងទំនើងពីរក្រុម បានឈ្លោះប្រកែកគ្នា ហើយបានដេញវាយគ្នាផ្អើលពេញផ្លូវសាធារណៈ នៅខាងមុខតុលាការខេត្ត ក្បែរអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់នេះដែរ ដែលធ្វើឲ្យអ្នកធ្វើដំណើរមានការភ័យខ្លាច និងបង្កឲ្យស្ទះចរាចរណ៍ទៀតផង ។ ឃើញសកម្មភាពបែបនេះសមត្ថកិច្ចក្រុងពោធិ៍សាត់បានចុះទៅបង្ក្រាបភ្លាមៗ ព្រមទាំងដេញចាប់បានគូរបដិបក្ខទាំងសងខាង បានចំនួន៥នាក់ យកមកដាក់ឲ្យដេកក្នុងទ្រុងសារិកាកែវមួយយប់ ។
បន្ទាប់ពីឆ្លងយោបល់ទៅលោកស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរួចមក នៅព្រឹកថ្ងៃទី៣០នេះ យើងបានដោះលែងពួកគេទាំង៥នាក់ឲ្យត្រឡប់ទៅផ្ទះវិញ ដោយគ្រាន់តែធ្វើកិច្ចសន្យាអប់រំណែនាំកុំឲ្យមានករណីបែបនេះនៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ